ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន តាមរយៈជំនួបជាមួយ កម្មករកម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំងអស់ ជាពិសេសទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ដូច្នេះមានតែការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ ដែលជាអាវក្រោះការពារខ្លួនសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈតាមបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនស្ថានភាពកូវីដ-១៩ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចតេជោ ជាពិសេសអំឡុងពេលជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នាពេលនេះ។ សម្ដេចតេជោ ចាត់ទុកថា ទំនាក់ទំនងនេះមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែនេះបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ និងក្មួយអ៊ីចឹង។
សម្តេចតេជោ ហ៊ុន សែន មានគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ជំនួបជាមួយកម្មករ-កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ។ តើវាសម្រេចបានយ៉ាងម៉េច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកបាក់ខែង ដើម្បីបម្រើឱ្យមានការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខណៈរាជរដ្ឋាភិបាលក៏មានគម្រោងកសាងស្ថានីយបូមទឹកស្អាតនេះបន្ថែមជាច្រើនកន្លែងទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក(ឆ្នាំ២០២២)។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជំរុញអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។
សម្តេចតេជោ ហ៊ុន សែន គ្រោងមានជំនួបជាមួយអតីតព្រះសង្ឃអន្ទិត សាន សុខជា ក្រោយបានលាចាកសិក្ខាបទកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា យុទ្ធនាការស្រោចវ៉ាក់សាំងបានការការពារ និងសង្គ្រោះជីវិតកម្មករ-កម្មការិនី មិនឱ្យឆ្លងជំងឺដ៏កាចសាហាវនេះរហូតដល់ស្លាប់បានជាច្រើន ខណៈបើសិនជាមិនមានយុទ្ធសាស្រ្ដនេះទេ កម្មករនិយោជិតជាច្រើនអាចនឹងឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងររហូតឈានដល់បាត់បង់ជីវិត។
សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរោងចក្រមួយក្លាយជាតំបន់សុខសាន្តមួយ ហើយប្រសិនបើមានបញ្ហាអ្វីម្ចាស់រោងចក្រ និងកម្មករនិយោជិតត្រូវសហការជាមួយអាជ្ញាធរធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាមិនត្រូវទុកបញ្ហានោះចោលទេ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែកក្កដារហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ-និយោជិត រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាពរោងចក្រ ក៏គ្មានការងារធ្វើសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបចំយុទ្ធនាការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការងារនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កំពុងធ្វើ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯងក៏ត្រូវចប់ដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ចំពោះអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ការការបង្កើនការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត។ សម្ដេច បញ្ជាក់ថា តើឱ្យទទួលខុសត្រូវចំពោះ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា យ៉ាងម៉េចកើត បើគ្រាន់តែសិទ្ធិទៅបោះឆ្នោតដែលគ្រាន់តែជាសិទ្ធិធម្មតារបស់ប្រជាពលរដ្ឋ ខ្លួនឯងមិនធ្វើបានផងនោះ។























