លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាព្រឹកនេះថា ឆ្នាំ២០២៣នេះ នាយកដ្ឋាន នឹងបើកវគ្គបណ្តុះបណ្តាល ផ្តោតលើជំនាញវិជ្ជាសិល្បៈខ្មុក និងបើកមហោស្រពសិល្បៈចម្លាក់ស្មិត ក្រោមប្រធានបទ «ក្បាច់គុនបុរាណខ្មែរល្បុក្កតោ»។
លោក ឈឹម សុធី បានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ នាយកដ្ឋាន មានកម្មវិធីធំៗចំនួន ០២ គឺទី១៖ មន្រី្តជំនាញរបស់យើង គ្រោងនឹងចុះទៅបណ្តុះបណ្តាលវិជ្ជាសិល្បៈខ្មុក និងគំនូ ជូនដល់សិស្សានុសិស្សនៅវត្តស្វាយអណ្តែត និងតាមសហគមន៍ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយឲ្យមិនប៉ះពាល់ដល់ម៉ោងសិក្សារបស់សិស្សានុសិស្សក្នុងអំឡុងពេល កំពុងសិក្សានៅតាមអនុវិទ្យាល័យ និងវិទ្យាល័យនោះទេ។ ទី២៖សិល្បៈចម្លាក់ស្មិត ឆ្នាំ២០២៣ ប្រារព្ធឡើង ដើម្បីជំរុញ និងលើកទឹកចិត្តដល់សិល្បករ សិប្បករ ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្មឲ្យបានគង់វង្ស។ លោក ឈឹម សុធី បញ្ជាក់ថា មហោស្រពសិល្បៈចម្លាក់ស្មិត ក្រោមប្រធានបទ «ក្បាច់គុនបុរាណខ្មែរល្បុក្កតោ» ត្រៀមរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយឥលូវនេះយើងកំពុងស្វែងរកសិល្បករ ដែលមានជំនាញស្មិត ដើម្បីចុះជួបពួកគាត់ និងផ្សព្វផ្សាយអំពីគោលបំណងរបស់មហោស្រពសិល្បៈចម្លាក់សិ្មត ហើយការរៀចំព្រឹតិ្តការណ៍ខាងលើនេះ ដោយសារទី១៖ ចម្លាក់ស្មិតនេះ នៅសល់អ្នកធ្វើ មានចំនួនតិចតួច។ ដូច្នេះមន្រី្តរបស់យើង ចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងរៀបចំការតាំងពិព័រណ៌ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងការងារមហោស្រព ឲ្យមានជាការប្រឡងស្នាដៃ ចម្លាក់ស្មិត ខាងណាមានទឹកដៃល្អជាងគេ។ ចំណែកចំណងជើង ជ្រើសរើសយកប្រធានបទ«ក្បាច់គុនបុរាណខ្មែរល្បុក្កតោខ្មែរ» ដែលបានចាត់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ ដែលមកទល់នឹងបច្ចុប្បន្នមានការរីកចម្រើនលើវិស័យក្បាច់គុនបុរាណខ្មែរ។
សូមរម្លឹកផងដែរថា ក្បាច់បុរាណខ្មែរល្បុក្កតោខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស ជាតិ របស់អង្គការ យូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការសម្រេចនេះធ្វើនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃកិច្ច ប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌ របស់អង្គការ យូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារុក៕ អត្ថបទ៖ រដ្ឋា













