អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់ក្នុងទីក្រុង ម៉ៃអាមី (Miami) កាលពីថ្ងៃចន្ទ ដើម្បីត្រៀមប្រឈមបទចោទប្រកាន់បទព្រហ្មទណ្ឌសហព័ន្ធ ខណៈការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និង Ipsos បានរកឃើញថា ករណីនេះ ពុំបានប៉ះពាល់ដល់ក្ដីសង្ឃឹមនៃការជាប់ឆ្នោតជាថ្មីរបស់លោកនោះទេ។

លោក Trump គ្រោងនឹងឡើងតុលាការសហព័ន្ធម៉ៃអាមី នៅថ្ងៃអង្គារ នៅសហរដ្ឋអាមេរិកដែលត្រូវនឹងថ្ងៃស្អែកពុធនេះ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងករណីនេះ។
ដោយត្រូវបានចោទប្រកាន់ពីបទលាក់ទុកឯកសារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយខុសច្បាប់ និងការនិយាយកុហកដល់ក្រុមមន្ត្រីដែលបានព្យាយាមស្វែងរកឯកសារទាំងនោះ លោក Trump បានប្រកាសពីការគ្មានកំហុសនិងបានប្ដេជ្ញាបន្តយុទ្ធនាការរបស់លោកដើម្បីដណ្ដើមតំណែងជាប្រធានាធិបតីក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។

លោក Trump ដែលបានឈានចូលដល់វ័យ៧៧ឆ្នាំនៅថ្ងៃពុធស្អែកនេះ បានទៅដល់ទីក្រុងម៉ៃអាមី នៅម៉ោង២និង៤៥នាទីយប់ តាមយន្តហោះឯកជនរបស់លោក ។
ក្រុមអ្នកគាំទ្របានប្រមូលផ្ដុំគ្នានៅខាងក្រៅជិតក្លឹបវាយកូនហ្គោលផ្ទាល់ខ្លួន របស់លក ជាទីដែលលោកគ្រោងស្នាក់នៅពេលយប់នោះទីនោះ៕