
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន រំលឹកពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយទេ ខណៈដែលជំងឺប្រភេទនេះមិនទាន់ទៅណាឆ្ងាយ ជាពិសេសនៅក្នុងប្រទេសខ្លះនៅលើពិភពលោក នេះបាននិងកំពុងងើបឡើងវិញ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ។
សម្តេច បានផ្តាំផ្ញើឱ្យកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ដូសជំរុញត្រូវបន្តទៅទទួលយកវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនានាដើម្បីធានាសុខមាលភាពចៀងវាងកុំឱ្យជំងឺកូវីដ-១៩ ងើបឡើងវិញនៅក្នុងប្រទេសរបស់យើង ជាពិសេសសម្តេចបានសួរ និងបន្តអំពាវនាវទៅកាន់កម្មករ កម្មការិនីនៅចំពោះមុខឱ្យបន្តទៅទទួលយកវ៉ាក់សាំងដូសទី៤ ទី៥ ឬអាចដូសទី៦ បន្តទៀតនៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតព្រោះថាមានតែវ៉ាក់សាំងទេ ដែលជាអាវក្រោះអាចបន្តការពារខ្លួនបាន។
បើតាមក្រសួងសុខាភិបាល កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣គឺសម្រេចបាន៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១លាន៨សែន២ម៉ឺន៧,៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១លាន៨សែន៩ម៉ឺន៧ពាន់៣៨២ នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០ម៉ឺន៤,៣១៧ នាក់។
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១ម៉ឺន០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%៕