ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិនៅតំបន់ក្រហម បានថ្លែងថា វ៉ាក់សាំងស៊ីណូវ៉ាក់ប្រមាណ ៥០ម៉ឺនដូស ទើបមកដល់ថ្មីនេះ ត្រូវផ្តល់ទៅតំបន់ក្រហម ខណៈប្រជាពលរដ្ឋដែលត្រូវចាក់នៅតំបន់ក្រហមនេះ កើនជិត ០៨សែននាក់។
ស្របពេលយុទ្ធនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមកំពុងតែដំណើរការនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រសួងការពារជាតិនៅតំបន់ក្រហម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រាប់BTV ថា ចំពោះដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានប្រព្រឹត្តទៅដោយប្រក្រតី និងមានភាពល្អប្រសើរ ក្រោមការសហការបានយ៉ាងល្អរវាងក្រុមគ្រូពេទ្យយោធា និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះ ប្រជាពលរដ្ឋ ក៏បានយកចិត្តទុកដាក់អំពីការណែនាំ និងអនុវត្តនូវវិធានសំខាន់ៗរបស់អាជ្ញាធរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញពីចិនចំនួន៥០ម៉ឺនដូស នឹងត្រូវផ្តល់ទៅតំបន់ក្រហម ខណៈប្រជាពលរដ្ឋដែលត្រូវចាក់នៅតំបន់ក្រហមនៃខណ្ឌទាំង៦ក្នុងរាជធានីភ្នំពេញកើនជិត៨សែននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា បើទោះបីដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមមានការកើនឡើងក្តី ក៏រាជរដ្ឋាភិបាលបានត្រៀមគ្រប់គ្រាន់ចំពោះចំនួនវ៉ាក់សាំងដែលត្រូវប្រើប្រាស់ដូចគ្នា ដើម្បីឆ្លើយតបតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមិនបញ្ឈប់ការចាក់ឡើយ ប្រសិនប្រជាពលរដ្ឋទាំងអស់ពុំទាន់ទទួលបានវ៉ាក់សាំង។
បើតាមរបាយការណ៍ របស់ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី១០ ខែឧសភា ក្រុមគ្រូពេទ្យយោធាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនៃខណ្ឌចំនួន ០៦រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បានចំនួនជិត ៤៥ម៉ឺននាក់ហើយ៕ អត្ថបទ៖ សេក ឧត្តម