អភិបាលក្រុងម៉ិកស៊ីកូស៊ីធី លោកស្រី Claudia Sheinbaum (ក្លឌៀ ស្ហេនបូម) បាននិយាយថា លោកស្រីនឹងលាលែងពីតំណែង ដើម្បីបន្តបេក្ខភាពរបស់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤ ក្នុងគោលបំណងក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសនេះ។

គណបក្សចលនាស្រោចស្រង់ជាតិឆ្វេងនិយម(MORENA) របស់ប្រធានាធិបតីលោក Andres Manuel Lopez Obrador កាលពីថ្ងៃអាទិត្យ ទី១១ ខែ មិថុនា បានព្រមព្រៀងថា នៅថ្ងៃទី ៦ ខែកញ្ញា គណបក្សនឹងប្រកាសអ្នកទទួលជ័យជំនះនៃដំណើរការជ្រើសរើសផ្ទៃក្នុងរបស់ខ្លួន។ លោកស្រី Sheinbaum គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនចំនួនពីរនាក់ដែលមានកាគាំទ្រច្រើននៅក្នុងគណបក្ស។ គណបក្ស MORENA ទទួលបានការគាំទ្រយ៉ាងខ្លាំងដើម្បីទទួលជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមិថុនា ឆ្នាំ ២០២៤ ដោយសារតែប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក Lopez Obrador ។
លោកពុំអាចស្វែងរកការឈរឈ្មោះឡើងវិញបាននោះទេ ព្រោះថាប្រធានាធិបតីម៉ិកស៊ិកត្រូវបានដាក់កំហិតដោយច្បាប់ត្រឹមតែមួយអាណត្តិរយៈប្រាំមួយឆ្នាំ។ មនុស្សជំនិតរបស់លោក Lopez Obrador បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេជឿថាលោកចង់ឱ្យលោកស្រី Sheinbaum បន្តតំណែងរបស់លោក ដោយលោកបដិសេធចំពោះបេក្ខជនណាមួយផ្សេងទៀត។ លោកស្រី Sheinbaum វ័យ ៦០ ឆ្នាំបានបញ្ជាក់អំពីអត្តសញ្ញាណរបស់លោកស្រី ជាអ្នកវិទ្យាសាស្ត្រ និងជាបរិស្ថានវិទូ ដោយនិយាយថាលោកស្រីនឹងបន្តការផ្លាស់ប្តូររបស់ប្រទេសម៉ិកស៊ិករបស់លោក Lopez Obrador ជាមួយនឹង «ត្រាផ្ទាល់ខ្លួន» ។
ថ្នាក់ដឹកនាំរបស់គណបក្ស MORENA កាលពីចុងសប្តាហ៍ បាន ព្រមព្រៀងថាអ្នកចូលរួមប្រកួតប្រជែងគួរតែលាលែងពីតំណែងក្នុងសប្តាហ៍នេះដើម្បីប្រកួតប្រជែង។ ការស្ទង់មតិភាគច្រើន មានទំនោរផ្តល់ឱ្យលោកស្រី Sheinbaum នូវការទទួលបានជ័យជំនះបន្តិចបន្តួចនៅក្នុងការប្រកួតប្រជែងលើគូប្រជែងរបស់លោកស្រី គឺលោក Marcelo Ebrard ដែលបានលាលែងជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃចន្ទដើម្បីចូលរួមប្រកួតប្រជែង។