UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានិយាយកាលពីថ្ងៃចន្ទថាលោកព្រួយបារម្ភថា រុស្ស៊ីនឹងចាកចេញពីកិច្ចព្រមព្រៀងនៅថ្ងៃទី១៧ ខែកក្កដា ដែលកិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងជីដោយសុវត្ថិភាពក្នុងពេលសង្គ្រាមពីកំពង់ផែសមុទ្រចំនួន៣របស់អ៊ុយក្រែន។

ទីក្រុងមូស្គូកំពុងគំរាមចាកចេញពីកិច្ចព្រមព្រៀង ដែលគេស្គាល់ថាជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ប្រសិនបើឧបសគ្គនានាចំពោះការដឹកជញ្ជូនជី និងគ្រាប់ធញ្ញជាតិផ្ទាល់របស់ខ្លួន ពុំត្រូវបានដកចេញនោះទេ។
លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមានការព្រួយបារម្ភ ហើងយើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រាកដថាវានឹងអាចធ្វើទៅបានដើម្បីរក្សាគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ហើយនៅពេលតែមួយនេះដែរ យើងនឹងអាចបន្តការងាររបស់យើងដើម្បីសម្រួលដល់ការនាំចេញរបស់រុស្ស៊ី។

ដើម្បីបញ្ចុះបញ្ចូលឲ្យរុស្ស៊ីព្រមព្រៀងចំពោះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុស្សារណៈនៃការយោគយល់រយៈពេល៣ឆ្នាំបានជាប់គាំង នៅពេលដូចគ្នានេះមន្ត្រីអង្គការសហប្រជាជាតិ បានព្រមព្រៀងជួយរុស្ស៊ីជាមួយការនាំចេញជីនិងស្បៀងអាហារផ្ទាល់របស់ខ្លួន។ ខណៈការនាំចេញស្បៀងអាហារនិងជីរបស់រុស្ស៊ីពុំមែនជាគោលដៅចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដែលបានដាក់ក្រោយការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នំ២០២២ ទីក្រុងមូស្គូនិយាយថាការរឹតត្បិតលើការបង់ប្រាក់ ភ័ស្តភារ និងការធានារ៉ាប់រង បានបង្កើនឧបសគ្គចំពោះការដឹកជញ្ជូន៕