អាមេរិក៖ អ្នកនាំពាក្យក្រសងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា សហរដ្ឋអាមេរិក ព្រួយបារម្ភថា កូរ៉េខាងជើង កំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៀតឲ្យទៅប្រទេសរុស្ស៊ី បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា លោក Kim បានប្ដេជ្ញានៅក្នុងសារមួយផ្ញើជូនប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធឲ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ក៏សហរដ្ឋអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការផ្តល់អាវុធ រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត និងមីស៊ីលទៅឲ្យក្រុមទាហានស៊ីឈ្នួល វ៉េកណា (Wagner) ដែលគាំទ្រដោយវិមានក្រឹមឡាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

