
ភ្នំពេញ៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត អំពាវនាវទៅកាន់កម្មករ កម្មការិនីរោងចក្រ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃ២៣ ខែកក្កដា ខាងមុខឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍ ក្មួយៗ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាពហើយកាលណារក្សាសន្តិភាពបានហើយ គឺយើងរក្សាបាននូវការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើថា តាមរយៈក្មួយៗនេះ សម្ដេចក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខទៅកាន់ ឪពុក ម្ដាយ ដូន ជីតាក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសសម្រាប់ការខិតខំចូលរួមចំណែករបស់ពួកគាត់ តាំងពីគ្រាលំបាកបំផុតក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីក្មួយៗមួយចំនួនមិនទាន់កើតនៅឡើយ ហើយសម្ដេចក៏បានសម្ដែងនូវការអរគុណដល់ពួកគាត់ និងសង្ឃឹមថា ទាំងក្មួយៗ និងក្រុមគ្រួសារ មិនភ្លេចជាមួយនឹងគណបក្សប្រជាជនដែលជាជម្រើសមួយ សម្រាប់ធានាឱ្យក្មួយៗនូវសន្តិភាពនិងការអភិវឌ្ឍរទៅមុខជាបន្តទៀត៕