ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីបង្កើនការទទួលខុសត្រូវចំពោះអ្នកឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត ពីព្រោះបើអ្នកឈរឈ្មោះឱ្យគេបើឆ្នោតសូម្បីសិទ្ធិពលរដ្ឋដែលជាសិទ្ធិទៅបោះឆ្នោតមិនអាចធ្វើបានផងតើនឹងអាចដឹកនាំប្រទេសកម្ពុជា បានដោយរបៀបណា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត គឺដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប៉ុន្ដែការធ្វើវិសោធនកម្មច្បាប់នេះ មិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ក្នុងឱកាសនេះសម្ដេចតេជោ បន្តជំរុញដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទៅរដ្ឋសភាអនុម័តនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕អត្ថបទ៖ វ៉ន ដារ៉ា