ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់ក្រុមប្រឆាំងដែលកំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោតថា បើក្រុមប្រឆាំងទាំងនោះចិត្តសឿងកុំទៅបោះឆ្នោត ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប៉ុន្ដែពួកក្រុមទាំងនេះ ក៏គ្មានសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត នាអាណត្តិខាងមុខទៀតដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន កំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលសកម្មភាពនេះ គឺផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។
សម្ដេចតេជោ បញ្ជាក់ថា បើពួកក្រុមប្រឆាំងមិនបានបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពួកគេក៏ គ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី តំណែងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា នៅឆ្នាំ ២០២៧-២០២៨ នោះទេ។
សម្ដេចតេជោ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រង់មាត្រាទី ៣៤ ថ្មីកថាខណ្ឌចុងក្រោយដែលចែងថា បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។ ដូច្ចេះគ្មានអ្វីផ្ទុយពីរដ្ឋធម្មនុញ្ញនោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា