អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួន បានដណ្តើមបានមកវិញភូមិទី៤ ពីកងកម្លាំងរុស្ស៊ី នៅក្នុងបន្តុំនៃតំបន់លំនៅឋាននៅភាគអាគ្នេយ៍ ជាកន្លែងដែលកងកម្លាំងរបស់ខ្លួន បានអះអាងដណ្តើមបានចុងក្រោយក្នុងការវាយបកដែលបានគ្រោងទុកជាមុនជាយូរមកហើយ។

ភារកិច្ចនៃការបញ្ចប់ការចូលកាន់កាប់របស់ទីក្រុងមូស្គូនៅអ៊ុយក្រែនភាគខាងកើតនិងភាគខាងត្បូង កំពុងជួបការលំបាកខ្លាំង ដោយសារតែរុស្ស៊ីមានទាហានច្រើនជាង គ្រាប់រំសេវ និងកម្លាំងវាយប្រហារពីលើអាកាស ហើយរយៈពេលជាច្រើនខែមកនេះ រុស្ស៊ី បានកសាងរបាំងការពារយ៉ាងរឹងមាំ។
កាលពីថ្ងៃចន្ទ ទាហានត្រូវបានគេមើលឃើញ នៅក្នុងវីដេអូកំពុងកាន់ទង់ជាតិអ៊ុយក្រែន នៅក្នុងភូមិ Storozheve តាមបណ្តោយទន្លេ Mokri Yaly ដែលហូរទៅភាគខាងជើងចេញពីទឹកដីគ្រប់គ្រងដោយរុស្ស៊ី។
ក្រួសួងការពារជាតិទីក្រុងគីវ បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញTelegram ថា យោធាអ៊ុយក្រែន រំដោះបានទីតាំងលំនៅឋានមួយកន្លែងផ្សេងទៀត គឺភូមិ Storozheve ។
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន និយាយថា រុស្ស៊ីបានទម្លាយទំនប់ទឹកនៅទន្លេ Mokri Yaly ដើម្បីធ្វើឲ្យវាកាន់តែលំបាកសម្រាប់កងកម្លាំងអ៊ុយក្រែនដើម្បីរុលទៅកាន់ភាគខាងត្បូងកាន់តែឆ្ងាយ។ បញ្ហានេះបានកើតឡើងមិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីទំនប់ទឹកធំមួយ ត្រូវបានបំផ្លាញនៅទន្លេ Dnipro បណ្តាលឲ្យមានមហន្តរាយមនុស្សធម៌ នៅតំបន់ភាគខាងត្បូង។
