យោងតាមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅទីនោះ បានឲ្យដឹងថា មនុស្ស៤៥នាក់ បានស្លាប់នៅក្នុងការវាយប្រហារលើជំរំមួយកន្លែងសម្រាប់ពលរដ្ឋភៀសខ្លួន នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគឦសាន។

អង្គការសហប្រជាជាតិនិយាយថា ការវាយប្រហារដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ចូលដល់ព្រឹកថ្ងៃចន្ទ ត្រូវបានគេជឿថាត្រូវបានប្រព្រឹត្តដោយក្រុមអ្នកប្រយុទ្ធរបស់ក្រុមជីវពលចម្រុះ ដែលមានឈ្មោះថា កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍កុងហ្គោ។ ក្រុមអ្នកប្រយុទ្ធបានសម្លាប់រង្គាលពលរដ្ឋជម្លៀសខ្លួនដែលងាយរងគ្រោះ នៅទីតាំងជម្លៀសខ្លួន ក្នុងដែនដី Djugu ។
ទីតាំងនេះស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីតំបន់ Bule ជាទីតាំងនៃមូលដ្ឋានរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍកុងហ្គោបានអះអាង ការពារសហគមន៍ Lendu ពីក្រុមជនជាតិភាគតិចផ្សេងទៀត គឺក្រុម Hema ព្រមទាំងកងទ័ពជាតិកុងហ្គោ។ នៅក្នុងសេចក្តីថ្លែងការណ៍ បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបួងសួងឲ្យអ្នករងរបួសបានឆាប់ជាសះស្បើយ។
សេចក្តីថ្លែងការណ៍ និយាយថា ការវាយប្រហារនេះ តំណាងឲ្យការរំលោភធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបេសកកម្មរក្សាសន្តិភាព មានបំណងអំពាវនាវជាថ្មីថា ការវាយប្រហារដោយចេតនាមកលើជនស៊ីវិល អាចឈានទៅរកឧក្រិដ្ឋកម្មសង្គ្រាម។
