ឥណ្ឌា៖ មន្ត្រីអាកាសធាតុ នៅទីក្រុងញូវដេលី (New Delhi) បាននិយាយកាល ពីថ្ងៃចន្ទ (ទី១២ ខេមិថុនា) ថាភាគខាងជើងប្រទេសឥណ្ឌា នឹងជួបប្រទះនូវស្ថានភាពដូចរលកម្ដៅដែលក្ដៅខ្លាំង សម្រាប់សប្តាហ៍ខាងមុខទៀត។
អ្នកជំនាញអាកាសធាតុ បានប្រាប់ថា ទោះបីជាសីតុណ្ហភាពបានធ្លាក់ចុះដល់ ៣៩អង្សាសេ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ប៉ុន្តែសីតុណ្ហភាពនៅមិនប្រែប្រួល សម្រាប់សប្តាហ៍មុន ដោយនៅត្រឹមចំនួននោះ ឬលើសពី ៤០អង្សាសេ ហើយទំនងជានៅតែមានសីតុណ្ហភាពបែបនេះ ក្នុងរយៈពេល ៤-៥ថ្ងៃទៀត។

អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានឧតុនិយមឥណ្ឌា លោក Naresh Kumar បាននិយាយថា៖ «រលកកម្ដៅនេះ អាចនិយាយបានថា កើតឡើងដោយសារកម្រិតសំណើម នៅក្នុងខ្យល់ ដែលបានកើនឡើងចាប់តាំងពីសប្តាហ៍មុន»។
យោងតាមអ្នកជំនាញ សីតុណ្ហភាពជាមធ្យមរបស់ប្រទេសឥណ្ឌា បានឡើងប្រហែល ០,៧ភាគរយ ចន្លោះឆ្នាំ១៩០១ និងឆ្នាំ២០១៨។ ការកើនឡើងហ្វ្រេកង់នៃរលកកម្ដៅដ៏គ្រោះថ្នាក់នេះ អាចបញ្ឈប់ ឬសូម្បីតែរំខានដល់ដំណើរការវិវឌ្ឍរបស់ប្រទេសឥណ្ឌា ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្ដល់អាហារ និងសន្តិសុខប្រាក់ចំណូល និងសមភាពយេនឌ័រ ដោយប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាជនឥណ្ឌាជាង ១,៤ពាន់លាននាក់៕
