ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត» ខណៈច្បាប់នេះត្រូវបានប្រទេសមួយចំនួន នៅលើសកលលោកបានអនុវត្តរួចមកហើយនោះ។
ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី សម្ពោធសមិទ្ធផលនានា បើកវគ្គថ្នាក់វិក្រឹត្យការគ្រូពេទ្យមធ្យមយោធាជំនាន់ទី៦ «សមាហរណកម្ម» និងប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់វគ្គសិក្សានាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ហើយថា ការកែទម្រង់«សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»នេះ វាជារឿងចាំបាច់ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសគឺដើម្បីឱ្យអនាគតអ្នកដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យជាដើមនេះ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។
សម្តេចតេជោ បានបញ្ជាក់ថា «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីនោះឡើយ»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់នាយទាហាន នាយទាហានរង ពលទាហានក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈព្រឹត្តិការណ៍នេះប្រាំឆ្នាំមានម្តង ដូច្នេះក្នុងនាមយើងប្រជាពលរដ្ឋរស់នៅក្នុងប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គប្បីបំពេញនូវកតព្វកិច្ចនេះជាប្រចាំ៕អត្ថបទបាន ចក់





