អាមេរិក៖ សាកសពមនុស្សម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីបំណែកបាក់បែកនៃទីដែលផ្លូវហាយវ៉េ I-95 បានបាក់នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក នេះបើយោងតាមនគរបាលរដ្ឋ។ សាកសពត្រូវបានរកឃើញ នៅពេលដែលក្រុមជីកកកាយ ធ្វើការសម្អាតកម្ទេចកម្ទីចេញពីទីតាំង ហើយត្រូវបានបញ្ជូនទៅកាន់គ្រូពេទ្យកោសល្យវិច្ច័យ ដើម្បីកំណត់អត្តសញ្ញាណ។
គេមិនដឹងថាសាកសពនោះជានរណាទេ។ ទូរទស្សន៍ WPVI ក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញឈ្មោះ Nathan Moody មិនត្រូវបានរកឃើញទេ បន្ទាប់ពីគ្រោះថ្នាក់កើតឡើងភ្លាមៗ។
ការបាក់រលំមួយផ្នែកនៃផ្លូវហាយវេដ៏សំខាន់មួយនៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមានការលំបាកសម្រាប់អ្នកធ្វើដំណើរកាលពីថ្ងៃច័ន្ទនៅទីក្រុងឡាឌែលហ្វៀ ដោយមានការកកស្ទះចរាចរណ៍យ៉ាងកកកុញត្រូវបានគេប្រទះឃើញ។

ក្រុមមន្ត្រីបាននិយាយថា វានឹងចំណាយពេលជាច្រើនខែដើម្បីសាងសង់ផ្នែកមួយនៃផ្លូវ I-95 ឡើងវិញ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីពន្លឿនដំណើរការនេះ។ សេចក្តីប្រកាសគ្រោះមហន្តរាយត្រូវបានចេញកាលពីថ្ងៃចន្ទ ដោយបានអនុញ្ញាតឲ្យប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការជួសជុលនេះ៕