ផ្សែងបានគ្របដណ្ដប់ពាសពេញប្រទេសកាណាដាភាគខាងលិច កាលពីថ្ងៃចន្ទ ខណៈដែលភ្លើងចំហេះព្រៃ បានឆាបឆេះសន្ធោសន្ធៅម្តងទៀត នៅក្នុងខេត្តផលិតប្រេងដ៏សំខាន់ Alberta ខណៈពេលដែលអ្នកពន្លត់អគ្គិភ័យនៅទីក្រុងកេបិច (Quebec) បានពន្លត់ភ្លើងនៅទីតាំងមួយចំនួនដែលបានឆាបឆេះឡើងនៅដើមរដូវកាលដ៏អាក្រក់បំផុត ដោយបានអនុញ្ញាតឲ្យអ្នកជម្លៀសខ្លួនរាប់ពាន់នាក់វិលត្រឡប់ទៅលំនៅឋានវិញ។

ប្រទេសកាណាដាកំពុងស៊ូទ្រាំនឹងការចាប់ផ្តើមនៃការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន ចំពោះរដូវកាលភ្លើងឆេះព្រៃ ដោយផ្ទៃដីប្រមាណជា ៤,៨លានហិកតា (៤៨ ០០០គីឡូម៉ែត្រការ៉េ) ដែលជាតំបន់ធំជាងប្រទេសហូឡង់ នៅអឺរ៉ុបខាងលិចទៀតនោះ ត្រូវបានឆេះរួចហើយ។
យោងតាមមជ្ឈមណ្ឌលភ្លើងឆេះព្រៃអន្តរទ្វីបកាណាដា បានឲ្យដឹងថា ជារឿងធម្មតាទៅហើយ ដែលនៅរដូវក្ដៅតែងមានភ្លើងឆេះព្រៃ ប៉ុន្តែទំហំនៃការឆេះ នាពេលបច្ចុប្បន្ន និងការកើតមានយ៉ាងលឿនបែបនេះ គឺមិនធ្លាប់មានពីមុនមកឡើយ។ កាលពីថ្ងៃចន្ទ ចំហេះព្រៃប្រហែល ៤៤៩កន្លែង កំពុងកើតឡើងនៅទូទាំងប្រទេសកាណាដា ដោយក្នុងនោះរួមទាំងចំនួន ២១៩កន្លែង មិនអាចគ្រប់គ្រងបាន។
អ្នកឯកទេសខាងឧតុនិយមវិទ្យារបស់សហព័ន្ធ លោក Gerald Cheng បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ «ប្រសិនបើអ្នកក្រឡេកមើលភាគខាងលិចប្រទេសកាណាដា វាត្រូវបានគ្របដណ្តប់ទាំងស្រុងដោយផ្សែង ហើយវានឹងបន្តដល់ថ្ងៃអង្គារ។
ហានិភ័យនៃផ្សែង មានកម្រិតខ្ពស់ណាស់ ដោយសារតែខ្យល់កំពុងបក់នាំផ្សែងទៅពាសពេញខេត្ត Alberta ទាំងថ្ងៃនេះ និងរហូតដល់ថ្ងៃអង្គារ»។

ជាមួយគ្នានេះ ភ្លើងព្រៃ ដែលកំពុងឆេះ នៅខេត្ត Alberta កំពុងតែបញ្ចេញផ្សែងទៅទិសខាងកើត ដែលមានខេត្តសម្បូរដោយវាលស្មៅ គឺខេត្ត Saskatchewan (សាស្កាចឈើវ៉ាន) និង Manitoba៕