ការប្រយុទ្ធគ្នា និងសំឡេងកាំភ្លើង បានចាប់ផ្ដើមមានឡើងវិញនៅតំបន់រដ្ឋធានីក្រុងធំៗនៃប្រទេសស៊ូដង់ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នចុងក្រោយរយៈពេល ២៤ម៉ោង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានផុតកំណត់ នៅវេលាម៉ោង ៦:០០ ព្រឹកថ្ងៃអាទិត្យ។

តំបន់រដ្ឋធានីក្រុងធំៗនៃប្រទេសស៊ូដង់ ដែលរួមមានរដ្ឋធានីខាទូម (Khartoum) និងទីក្រុងជិតខាងខាទូមខាងជើង (North Khartoum) និងអ៊ុដឺមែន (Omdurman) គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីជម្លោះប្រដាប់អាវុធ ដែលកំពុងបន្តមាន រវាងភាគីទាំងពីរ។
ប្លុកជាច្រើននៅភាគខាងត្បូងនៃរដ្ឋធានី (Khartoum) មានការបាញ់ផ្លោងរយៈពេលពីរថ្ងៃជាប់ៗគ្នា ដែលបណ្តាលឲ្យជនស៊ីវិលយ៉ាងតិច១៨នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបើកការវាយប្រហារភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ បានបញ្ចប់។
អ្នកស្រុកនៅរដ្ឋធានីខាទូម (Khartoum) លោក Yousif Mahmood បាននិយាយថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង ត្រូវបានកាត់ផ្តាច់ដោយសារតែជម្លោះ ដូច្នេះការផ្គត់ផ្គង់មិនអាចដឹកជញ្ជូនទៅកាន់ហាង ដើម្បីឲ្យអ្នកស្រុកបានទិញប្រើប្រាស់នោះទេ។ ប្រជាជនរស់នៅយ៉ាងលំបាក ដោយសារពួកគេប្រឈមនឹងការខ្វះខាតទឹក ភ្លើង និងហ្គាស ដែលមានន័យថាពួកគេត្រូវបង្ខំចិត្តទៅប្រើធ្យូងថ្ម និងឧស។ សរុបមក សឹងគ្រប់សេវាសាធារណៈទាំងអស់លែងមានទៀតហើយ»។
ប្រទេសស៊ូដង់បានជួបប្រទះនូវជម្លោះប្រដាប់អាវុធ ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតយ៉ាងច្រើន រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីខាទូម (Khartoum) និងតំបន់ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដោយភាគីទាំងពីរ បានឆ្លើយដាក់គ្នាទៅវិញទៅមកថា ជាអ្នកផ្តើមឲ្យមានជម្លោះ៕
