
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីការចូលរួមចំណែករបស់រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានចូលរួមចំណែកបង្កើនប្រាក់ចំណូល និងលើកម្ពស់ជីវភាពរបស់បងប្អូនកម្មករ កម្មការិនី និយោជិត។
ក្នុងសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ការនាំចេញមានរហូតដល់ប្រមាណ១៣ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៩.៣ពាន់ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ចំណូលពលកម្មតាមរោងចក្រសហគ្រាសស្ថិតនៅរាជធានីភ្នំពេញ មានប្រមាណជាង ១.១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា វិស័យកាត់ដេរ មានសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប រកចំណូលចូលជាតិបានច្រើនជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ