យ៉េម៉ែន ៖ ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃចន្ទថា ការផ្ទេរប្រេងដ៏ស្មុគស្មាញចេញពីនាវាដឹកប្រេងខ្នាតយក្សពុកផុយរបស់យេម៉ែន ជិតចាប់ផ្តើមហើយនៅពេលឥឡូវនេះ ពេលដែលការធានារ៉ាប់រងចំពោះប្រតិបត្តិការ ត្រូវបានបញ្ចប់ ។
អង្គការសហប្រជាជាតិ(UN)បានព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយថា នាវាដឹកប្រេង FSO Safer អាចនឹងបែក ឬផ្ទុះនៅថ្ងៃណាមួយ ហើយវានឹងធ្លាយប្រេងចូលទៅក្នុងសមុទ្រក្រហម ចំនួន៤ដងច្រើនជាងគ្រោះមហន្តរាយនាវាដឹកប្រេង Exxon Valdezនៅជិតរដ្ឋ Alaska សហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៨៩ ។
នាវាដឹកប្រេង Safer ត្រូវបានចតចោលនៅជិតតំបន់ឆ្នេរប្រទេសយ៉េម៉ែន ចាប់តាំងពីឆ្នាំ ១៩៨៨រហូតមក ប៉ុន្តែប្រតិបត្តិការថែទាំនៅលើនាវា បានផ្អាកចាប់តាំងពីឆ្នាំ ២០១៥ ដោយសារតែសង្រ្គាមស៊ីវិលនៅក្នុងប្រទសមួយនេះ ។
យោងតាមការអះអាងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានឲ្យដឹងថា ការធានារ៉ាប់រង នឹងក្លាយជាចំណុចដ៏សំខាន់ ក្នុងការជំរុញប្រតិបត្តិការសង្រ្គោះឲ្យបន្តទៅបាន ។
សូមបញ្ជាក់ថា ប្រទេសយ៉េម៉ែន បានជាប់ផុងក្នុងជម្លោះចាប់តាំងពីក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ផ្តួលរំលំរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិកាលពីឆ្នាំ ២០១៤ ៕

