
កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា លោកKim Jong Un មេដឹកនាំប្រទេសកូរ៉េខាងជើង បានចេញបញ្ជាឲ្យក្រុមពិឃាដប្រហារជីវិតប្រធានក្រុមដឹកនាំការសម្តែងនៅចំពោះមុខសមាជិកក្រុមរបស់លោក ដោយបាញ់ចំនួន ៩០គ្រាប់។ សេចក្តីរាយការណ៍នេះ បាននិយាយដែរថា សមាជិកក្រុមភ្លេង ត្រូវបានបង្ខំឲ្យដើររំលងសាកសពផងដែរ។
អត្ថបទចុះផ្សាយដ៏គួរភ្ញាក់ផ្អើលនេះ សរសេរឡើងដោយអ្នកសារព័ត៌មាន ជូ ស៊ុងហា របស់កាសែតប្រចាំថ្ងៃកូរ៉េខាងត្បូង Dong-A Ilbo។ រឿងរ៉ាវពាក់ព័ន្ធនឹងការប្រហារជីវិតនេះដែរ បានចុះផ្សាយដំបូងនៅថ្ងៃទី២៩ ខែមេសាកន្លងទៅ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ត្រូវបានចែករំលែកតាមអនឡាញយ៉ាងទូលំទូលាយ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគ្មានការបញ្ជាក់អះអាងបន្ថែមលើព័ត៌មានមួយនេះឡើយ។
លោក ចូ បានសរសេរថា ការប្រហារជីវិតនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ក្រោយថ្ងៃខួបកំណើតរបស់លោកគីម។
កូរ៉េខាងជើង ប្រារព្ធកាលបរិច្ឆេទនោះថា ជាទិវាតារាចែងចាំង ហើយលោកគីម និងភរិយារបស់លោក បង្ហាញខ្លួននៅរោងមហោស្រពសិល្បៈម៉ាន់សូដេ ស្ថិតក្នុងទីក្រុងព្យុងយ៉ាង ដើម្បីមើលការសម្តែង ជាកិច្ចធ្វើខួបកំណើតរបស់លោក។
លោកចូ បានសរសេរថា កម្មវិធីមួយក្នុងកម្មវិធីសម្តែងនៅយប់នោះ មានឈ្មោះថា “ស្រមោលវេទមន្ត ” ដោយមានអ្នកសម្តែងស្ពិនភ្នែកនៅក្រោយឆាកធ្វើជាស្រមោល។
ក្រោយមកលោកគីម ត្រូវបានគេរាយការណ៍ថា លោកបានស្ងើចសរសើរការសម្តែងនេះ ប៉ុន្តែ ប្រធានក្រុមសម្តែង បាននិយាយទៅកាន់អ្នករាល់គ្នានៅក្បែរនោះថា លោកមិនគិតថា ការសម្តែងនេះល្អឥតខ្ចោះនោះទេ។
លោកចូ បានសរសេរទៀតថា ក្រោយមកនៅយប់នោះ ប្រធានក្រុមរូបនេះ ត្រូវបានចាប់ខ្លួន ហើយបទបញ្ជា ត្រូវបានចេញនៅរយៈពេល២ថ្ងៃបន្ទាប់ ឲ្យសិល្បៈករ-សិល្បៈការិនីទាំងអស់នៅក្នុងទីក្រុងព្យុងយ៉ាងត្រូវជួបជុំគ្នា។
នៅថ្ងៃទី២០ ខែកុម្ភៈ ក្រុមសម្តែង បានជួបជុំគ្នានៅលើទីលានប្រហារជីវិត ជាកន្លែងដែលពួកគេ មើលឃើញប្រធានក្រុមពួកគ ត្រូវបានចងស្លាបសេក។
លោកចូ បានសរសេរទៀតថា ប្រធានក្រុមរូបនេះ បានស្លាប់ភ្លាមៗនៅនឹងមុខសមាជិកក្រុមរបស់ខ្លួន ហើយការប្រហារជីវិតធ្វើឡើងដោយក្រុមបាញ់កាំភ្លើងស្វ័យប្រវត្តិ AK-47 ចំនួន ៣រូប ហើយពួកគេម្នាក់ បាញ់ចំនួន១បង់ ៣០គ្រាប់ ពីចម្ងាយ ១០ម៉ែត្រ៕