
អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឲ្យមានវិធានការ ដើម្បីបញ្ចប់ពលកម្មកុមារ កាលពីថ្ងៃចន្ទ ខណៈអង្គការនេះ ប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ ទីភ្នាក់ងារពលកម្មអង្គការសហប្រជាជាតិ បានជួបប្រជុំគណៈកម្មាធិការកម្រិតខ្ពស់នៅថ្ងៃនោះដែរក្រោមប្រធានបទ«យុត្តិធម៌សង្គមសម្រាប់ទាំងអស់គ្នា បញ្ចប់ពលកម្មកុមារ» ជាព្រឹត្តិការមួយផ្នែកនៃសម័យប្រជុំនៃសន្និសីទពលកម្មអន្តរជាតិ។ កិច្ចពិភាក្សា បានផ្តោតទៅលើទំនាក់ទំនងរវាងយុត្តិធម៌សង្គម និងការលុបបំបាត់ពលកម្មកុមារ។
សមាជិកគណៈកម្មាធិការ ដែលតំណាងឲ្យកម្មករ និយោជក និងរដ្ឋាភិបាល បានបញ្ជាក់ពីភាពបន្ទាន់នៃការប្រយុទ្ធប្រឆាំងពលកម្មកុមារ និងបានពិភាក្សាពីវិធីដើម្បីជំរុញយុត្តិធម៌សង្គម។ អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) លោក Gilbert F. Houngbo បាននិយាយក្នុងសុន្ទរកថា តាមវីដេអូថាជាលើកដំបូង ក្នុងរយៈពេល២០ឆ្នាំមកនេះ ពលកម្មកុមារកំពុងកើនឡើង។ កុមារ ១៦០លាននាក់ ប្រមាណ១ម្នាក់ក្នុងចំណោម១០នាក់នៅទូទាំងពិភពលោកកំពុងស្ថិតក្នុងពលកម្មកុមារ។
អង្គការ ILO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ពិភពលោកពុំបានធ្វើឲ្យមានការរីកចម្រើនក្នុងការកាត់បន្ថយពលកម្មកុមារនោះទេចាប់តាំងពីឆ្នាំ២០០០ ប៉ុន្តែរយៈពេលពីបីឆ្នាំកន្លងទៅនេះជម្លោះ វិបត្តិ និងការរាតត្បាតជំងឺ Covid-19 បានធ្វើឲ្យគ្រួសារជាច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងបានបង្ខំឲ្យកុមាររាប់លាននាក់បន្ថែមទៀតធ្លាក់ចូលក្នុងពលកម្មកុមារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា វិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមាររួមមាន ការបង្កើត និងការអនុវត្តន៍ក្របខណ្ឌច្បាប់រឹងមាំផ្អែកលើបទដ្ឋានពលកម្មអន្តរជាតិ និងកិច្ចសន្ទនាសង្គម ការផ្តល់ដំណើរការសកលចំពោះការសិក្សាអប់រំមានគុណភាពល្អ និងការគាំពារសង្គម ព្រមទាំងវិធានការដោយផ្ទាល់ដើម្បីលុបបំបាត់ភាពក្រីក្រ វិសមភាព និងអសន្តិសុខសេដ្ឋកិច្ច និងជំរុញការងារគួរជាទីពេញចិត្តសម្រាប់បុគ្គលិកពេញវ័យ៕
