
សមយុទ្ធដាក់ពង្រាយកងទ័ពអាកាសធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់អង្គការណាតូ បានចាប់ផ្តើមនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ក្នុងនោះការហោះហើរ ២ពាន់លើក ត្រូវបានធ្វើឡើងនៅពីលើសមុទ្រខាងជើង និងសមុទ្របាល់ទិក ។
កងទ័ពអាកាសអាល្លឺម៉ង់ និយាយថា សមយុទ្ធនេះ នឹងមានការចូលរួមពី ២៥ប្រទេស យន្តហោះ ២៥០គ្រឿង និងកងកម្លាំងជិត ១ម៉ឺននាក់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោក Ingo Gerhartz គឺជានាយអគ្គសេនាធិការកងទ័ពអាកាសអាល្លឺម៉ង់ បានបង្ហាញមូលដ្ឋានទ័ពអាកាស ស្ថិតនៅទីក្រុង Wunstorf គឺជាមូលដ្ឋានទ័ព "Air Defender 2023" ដើម្បីបង្ហាញសមត្ថភាពការពាររបស់ក្រុមសម័្ពន្ធមិត្ត ប៉ុន្តែវាគ្មានគោលដៅប្រឆាំងនឹងប្រទេសណាមួយឡើយ បើទោះបីជាមានការគាំទ្ររបស់អង្គការណាតូដល់ប្រទេសអ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយប្រទេសជិតខាងរុស្ស៊ីក៏ដោយ។
ដោយសារតែទីតាំងស្ថិតនៅកណ្តាលអឺរ៉ុប អាល្លឺម៉ងនឹងផ្តល់ជាមជ្ឈមណ្ឌលភស្តុភារ និងធ្វើជាតំបន់សម្រាប់សេណារីយោហ្វឹកហាត់បែបនេះ។ សូម្បីតែក្នុងអំឡុងពេលសន្តិភាព អាល្លឺម៉ង់មានទាហានសហរដ្ឋអាមេរិកឈរជើង ជាង ៣៥.០០០នាក់។
សមយុទ្ធយោធានេះដែរ ផ្តោតសំខាន់លើមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែ វាពាក់ព័ន្ធនឹងទីតាំងនៅក្នុងប្រទេសហូឡង់ និងសាធារណរដ្ឋឆេកផងដែរ៕

