
ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន នៅថ្ងៃអង្គារ (១៣ មិថុនា)នេះ បានស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើអគារលំនៅដ្ឋានមួយក្នុងទីក្រុង គ្រីវី រី ប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៣នាក់ និងរបួស ២៥នាក់។
អគារលំនៅឋានកម្ពស់ប្រាំជាន់នៅតែឆេះរាលដាលនៅឡើយនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងបន្ទាប់ពីរងការវាយប្រហារដោយមីស៊ីល។ អភិបាលក្រុង គ្រីវី រី លោក Oleksandr Vilkul បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើអគារផ្សេងទៀតនៅក្នុងទីក្រុងនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលមានដើមកំណើតនៅទីក្រុងគ្រីវី រី ក៏បានថ្កោលទោសការវាយប្រហារលើស្រុកកំណើតរបស់ខ្លួននេះផងដែរ។
មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសរុស្ស៊ីអំពីការវាយប្រហារដែលបានរាយការណ៍នេះនោះទេ។ ទាំងរុស្ស៊ី និងអ៊ុយក្រែនបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលក្នុងសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្ដើមទៅលើប្រទេសជិតខាងមួយនេះជិត ១៦ ខែមកនេះ៕
