ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ បានរៀបចំ "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" ដោយនាំយកឱកាសការងារសរុបប្រមាណ ៤ ៥០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន២៥ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់។
ក្រុមហ៊ុនធំៗចំនួន២៥ ដែលចូលរួមក្នុង "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" មកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង, ព័ត៌មានវិទ្យានិងទំនាក់ទំនង, អេឡិចត្រូនិច, បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។ គោលបំណងនៃពិព័រណ៍នេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជាដើម។
លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យដឹងថា នេះគឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការជួយតម្រង់ទិសការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេង។ លោកស្រី បន្តថា ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យនៅមួយកន្លែងដោយងាយស្រួល។
ក្រុមយុវជនដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះ បានលើកឡើងថា ព្រឹត្តការណ៍នេះ បានផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។ ក្រុមយុវជនទាំងនេះ បានទទួលស្គាល់ថា ការផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារការងារសព្វថ្ងៃនេះ ពិតជាមានភាពទូលំទូលាយជាងមុន ថែមទាំងផ្តល់ឱកាសកាន់តែជាច្រើន ក្នុងការស្វែងយល់ពីតម្រូវការការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោក លីវ យូតុង តំណាងអង្គការអន្តរជាតិខាងការងារ ចាត់ទុកថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ គឺជាឱកាសយ៉ាងល្អប្រសើរសម្រាប់អ្នកស្វែងរកការងារធ្វើ ពិសេសយុវជន។ លោកបន្ថែមថា ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់ មនុស្សគ្រប់រូប ហើយក៏ជារឿងដ៏សំខាន់ដែលអង្គការកំពុងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី