ភ្នំពេញ៖សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅនេះ ទទួលបានសម្លេងគំាទ្រជាឯកច្ឆន្ទ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ប្រភពពីក្រសួងពាណិជ្ជកម្ម ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា ក្នុងអង្គប្រជុំនេះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លំអិតស្តីអំពីការពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់នេះ រួមមានគោលបំណង អត្ថប្រយោជន៍ ខ្លឹមសារសេចក្តីព្រាងច្បាប់ និងសេចក្តីសន្និដ្ឋាន ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងស្របតាមគោលការណ៍និងវិធាននៃការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនបន្ថែម អំពីយុត្តិកម្មឬភាពចាំចាច់ និងសាវតារក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមាន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការទទួលបានសម្លេងគាំទ្រខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីសំដៅជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យបានជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ បូរ៉ាវី





