លីបង់៖ ប្រជាពលរដ្ឋលីបង់ និងជនប៉ាឡេស្ទីន រាប់រយនាក់ បានជិះទោចក្រយានយន្តដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុង បេរូត កាលពីយប់ថ្ងៃចន្ទ ដើម្បីបង្ហាញការគាំទ្រដល់ជនប៉ាឡេស្ទីន ដែលកំពុងប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។
ក្រុមយុវជនទាំងនេះ បាននាំគ្នាគ្រវីទង់ជាតិលីបង់ និងប៉ាឡេស្ទីន ជិះទោចក្រយានយន្តឆ្លងកាត់ផ្លូវសំខាន់ៗនៅក្នុងរដ្ឋធានីប្រទេសលីបង់មួយនេះ និងស្រែកពាក្យស្លោកគាំទ្រជនប៉ាឡេស្ទីន។
យុវជន អាម៉ាដ ម៉ាហ្សឺ គឺជាបាតុករមួយរូប បាននិយាយថា ពួកយើងចង់ផ្ញើសារក្នុងនាមជាក្រុមយុវជន ពលរដ្ឋលីបង់ និងពលរដ្ឋអារ៉ាប់ថា ពួកយើងព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលពួកយើងអាចធ្វើបាន ដើម្បីឈរខាងសាមគ្គីភាព ជាមួយបងប្អូនរបស់ពួកយើង។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហាម៉ាស់ បានបាញ់រ៉ុកកែតរាប់សិបគ្រាប់មកលើអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ក្រោយពេលជនប៉ាឡេស្ទីន រាប់រយនាក់ បានរងរបួស អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលអ៊ីស្រាអែល នៅទីតាំងព្រះវិហារ អាល់ អាក់សា ស្ថិតក្នុងទីក្រុងពិសិដ្ឋ។
ការបាញ់នូវគ្រាប់រ៉ុកកែតនេះដែរ បានធ្វើឲ្យអ៊ីស្រាអែលឆ្លើយតបវិញ ជាមួយនឹងការបើកការវាយប្រហារតាមច្រកអាកាស មកលើតំបន់កាន់កាប់ហ្គាហ្សាស្ទ្រីប បណ្តាលឲ្យមនុស្សយ៉ាងហោច ២២នាក់ស្លាប់ ក្នុងរួមទាំងកុមារ ០៩នាក់ផងដែរ៕ អត្ថបទ៖ សារ៉ាត់