កេនយ៉ា៖ ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនារបស់ប្រជាជនកេនយ៉ា បានកើនឡើងដល់ជាង៣០០នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរ គាស់បានសាកសពបន្ថែមទៀតនៅក្នុងព្រៃមួយ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏អាក្រក់បំផុតពាក់ព័ន្ធសាសនា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

ក្រុមអាជ្ញាធរ និយាយថា ចំនួនអ្នកស្លាប់ភាគច្រើនមកពីវិហារអន្តរជាតិដំណឹងល្អ Good News International Church ដឹកនាំដោយលោក Paul Mackenzie ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យក្រុមសាវ័ករបស់ខ្លួនបង្អត់អាហារខ្លួនឯងនិងកូនៗរបស់ពួកគេ រហូតដល់ស្លាប់ ដើម្បីអាចឡើងទៅឋានសួគ៌ មុនពេលអវសាននៃពិភពលោកនេះ។
មន្ត្រីមូលដ្ឋាន លោក រ៉ូដា អូនីអានចា (Rhoda Onyancha ) បាននិយាយថា មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសព១៩នាក់ទៀត ត្រូវបានគាស់ចេញពីផ្នូររួមមួយក្នុងព្រៃសាកាហូឡា (Shakahola) ក្នុងភាគអាគ្នេយ៍ របស់ប្រទេសនេះ ។ មនុស្សជាង៦០០នាក់ នៅតែត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ។

ការស៊ើបអង្កេតកាលពីសប្ដាហ៍មុន បានបន្ថែមការងារស្រាវជ្រាវរបស់ខ្លួនដើម្បីគ្របដណ្ដប់លើតំបន់កាន់តែធំក្នុងតំបននេះ ក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាលដែលបានជួយសង្គ្រោះប្រហែល ៦៥ នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហាររវាងថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕