អាមេរិក៖ អគ្គលេខាធិការសម្ព័ន្ធយោធា NATO លោក Jens Stoltenberg បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងជំនួបនៅការិយាល័យ Oval កាលពីថ្ងៃអង្គារថា អ៊ុយក្រែនកំពុងបង្ហាញជំហានរីកចម្រើនដោយការវាយបករបស់ពួកគេ ដែលអាចពង្រឹងជំហរ នៅពេលមានឱកាសដើម្បីឈានដល់ការបញ្ចប់ផ្នែកការទូតចំពោះសង្គ្រាមជាមួយរុស្ស៊ី។
លោក Stoltenberg និយាយថា ការគាំទ្ររួមគ្នារបស់យើងចំពោះអ៊ុយក្រែនពេលនេះកំពុងធ្វើឲ្យមានភាពខុសគ្នា នៅលើសមរភូមិដូចដែលយើងបាននិយាយ ព្រោះតែការវាយលុក ហើយទាហានអ៊ុយក្រែនកំពុងធ្វើឲ្យមានភាពរីកចម្រើន ដែលកំពុងរុលទៅមុខ។

លោកនិយាយបន្ថែមថា វាស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែអ្វីដែលយើងដឹងច្បាស់គឺទឹកដីកាន់តែច្រើនដែលអ៊ុយក្រែនអាចរំដោះបាន កម្លាំងកាន់តែខ្លាំង ដែលពួកគេនឹងមាននៅតុចរចា។
លោក Biden និយាយថា សម្ព័ន្ធយោធា NATO បានធ្វើឲ្យមានការរីកចម្រើននូវការបង្រួបបរម្រួមបន្ថែមទៀត អំឡុងសង្គ្រាមនៅអ៊ុយក្រែន ហើយយើងនឹងមានការកសាងលើសន្ទុះនេះ នៅពេលដែលសម្ព័ន្ធមិត្តបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅថ្ងៃទី១១ និងទី១២ ខែកក្កដា។ អ៊ុយក្រែន ដែលបំពាក់អាវុធប្រទេសលោកខាងលិច កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការវាយបកដែលមានហានីភ័យខ្ពស់ទៅលើរុស្ស៊ី ដែលអាចប្រែក្លាយរូបរាងសង្គ្រាមដ៏សំខាន់ ដែលបានចាប់ផ្តើមជិតមួយឆ្នាំកន្លះមកនេះ។ សម្ព័ន្ធយោធា NATO មានបំណងបន្តការគាំទ្រដល់ទីក្រុងគីវ ខណៈបញ្ចៀសការទាញចូលក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា អ៊ុយក្រែនកំពុងទទួលរងភាពបរាជ័យ ហើយបានបាត់បង់រថក្រោះ និងរថពាសដែកជាច្រើនគ្រឿង៕
