
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលនេះរដូវកាលនៃការសន្យារបស់គណបក្សនយោបាយនានាបានមកដល់ហើយ ដោយគណបក្សខ្លះចេញមុខមកសន្យាឲ្យនេះឲ្យនោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត តែសម្រាប់គណបក្សប្រជាជនកម្ពុជាមិនបានសន្យានោះទេ គឺនិយាយពិតធ្វើពិតតែម្តង។
នៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈយុទ្ធនការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ កាន់តែខិតជិតមកដល់នោះ មានសមាជិកគណបក្សខ្លះខ្លួននៅផ្ទះស័ង្កសីទេ តែទៅសន្យាគេឲ្យសុទ្ធតែផ្ទះក្បឿង ហើយខ្លួនជិះម៉ូតូទេ តែទៅសន្យាឲ្យគេសុទ្ធឡាន។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា មិនសន្យាឲ្យនេះឲ្យនោះទេ តែនឹងធ្វើពិតៗតែម្ដងដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្មករ-កម្មការិនី បានឃើញជាក់ស្តែងយ៉ាងដូច្នេះដែរ។
នៅចំពោះមុខកម្មករ-កម្មការិនីនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីទៀតដែរថា ច្បាប់ស្តីពីសោធននិវត្តន៍របស់បងប្អូនកម្មករ-កម្មការិនីមានភាពងាយស្រួលជាងមន្រ្តីរាជកាទៅទៀត ខណៈច្បាប់នេះមិនមែនជាការកញ្ឆក់កណ្ដៀត និងសន្យាខ្យល់ដូចគណបក្សខ្លះនោះទេ វាគឺជាការគិតគូរវែងឆ្ងាយពីរាជរដ្ឋាភិបាលដល់បងប្អូនកម្មករ-កម្មការិនី៕អត្ថបទ៖ បាន ចក់