អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីថ្ងៃអង្គារចំពោះបទចោទប្រកាន់ព្រហ្មទណ្ឌនៅតុលាការសហព័ន្ធ ដែលថាលោកបានរក្សាទុកឯកសារសម្ងាត់យោធាដែលត្រូវបានផ្ទៀតផ្ទាត់រួចនៅគេហដ្ឋានរបស់លោកក្នុងរណីយដ្ឋានឆ្នេរសមុទ្រ Mar-a-Lago និងបានរារាំងការប៉ុនប៉ងរបស់រដ្ឋាភិបាលដើម្បីយកឯកសារទាំងនោះត្រឡប់មកវិញ។
នៅក្នុងតុលាការ លោក Trump ដែលមានឯកសណ្ឋានអាវពណ៌ខៀវ ក្រវ៉ាត់កពណ៌ក្រហម បានអង្គុយឱបដៃយ៉ាងស្ងៀមស្ងាត់ និងបានផ្ដល់ចម្លើយពីភាពគ្មានទោស ដោយមេធាវីរបស់លោក អំឡុងការផ្ដល់របាយការណ៍នៅចំពោះមុខចៅក្រុមទទួលបន្ទុកចារកម្មលោកJonathan Goodman។

មេធាវីរបស់លោក Trump លោក ថត់ ប្លានច៍ (Todd Blanche) បានប្រាប់ចៅក្រមផ្នែកចារកម្មសហព័ន្ធដែលបានចូលរួមជាអធិបតីលើករណីព្រហ្មទណ្ឌរយៈពេល៤៨នាទីរបស់លោក Trump ថា តុលាការជាទីគោរព យើងពិតជាពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទាំងនោះទេ។

បន្ទាប់ពីសវនាការ លោក Trump ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញដោយរង់ចាំការបើកសវនាការនៅពេលក្រោយ។ រដ្ឋអាជ្ញាពុំបានស្នើសុំលក្ខខណ្ឌសំខាន់ណាមួយជាមុន សវនាការដូចជាការរឹតបន្តឹងលើការធ្វើដំណើររបស់លោក ឬដកហូតលិខិតឆ្លងដែនរបស់លោកនោះទេ។ ចៅក្រមផ្នែកចារកម្មលោក Jonathan Goodman បានបញ្ជា លោកTrump មិនឲ្យពិភាក្សាករណីនេះជាមួយសាក្សីដែលមានសក្តានុពលដោយគ្មានវត្តមានមេធាវីរបស់លោកឡើយ។
លោកTrump ប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ៣៧ករណី ក្នុងនោះ ៣១ករណី ពាក់ព័ន្ធការរក្សាទុកកំណត់ត្រាសន្តិសុខជាតិដោយចេតនា និង៦ ករណីពាក់ព័ន្ធការចោទប្រកាន់ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការយកឯកសារទាំងនោះមកវិញ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកដែលអតីតប្រធានាធិបតីត្រូវបានចោទប្រកាន់ពីរដ្ឋាភិបាលដែលលោកធ្លាប់ដឹកនាំ៕
