នីហ្ស៊េរីយ៉ា៖ អ្នកស្រុក និងមន្ត្រីរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសទម្ងន់មួយគ្រឿង បានក្រឡាប់លិច នៅតំបន់កណ្តាលភាគបែកខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា។
អ្នកស្រុកបានប្រាប់ថា ទូកឈើនោះ បាននិងកំពុងដឹកមនុស្សឆ្លងទន្លេទៅកាន់រដ្ឋ Kwara បន្ទាប់ពីចប់ពិធីមង្គលការមួយ ក្នុងរដ្ឋជិតខាង Niger(នីហ្ស៊េ) ហើយទូកនោះ បានលិច កាលពីយប់ថ្ងៃចន្ទ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទូកនោះទេ ប៉ុន្តែរដ្ឋាភិបាលរដ្ឋ Kwara នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រជាជនគឺមកពីភូមិចំនួនប្រាំផ្សេងគ្នា ហើយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ ដើម្បីរកអ្នកដែលអាចនៅមានជីវិត បាននិងកំពុងដំណើរការនៅឡើយ។
សេចក្តីថ្លែងការណ៍នោះ បានបន្តថា អភិបាលរដ្ឋ Kwara បានសម្តែងអារម្មណ៍អាណិតអាសូរចំពោះប្រជាជន ពេលដឹងនូវព័ត៌មានដ៏គួរឲ្យតក់ស្លុតនៃឧបទ្ទវហេតុលិចទូក ដែលធ្វើឲ្យមានការភ័យខ្លាចថា មនុស្សរាប់សិបនាក់ត្រូវស្លាប់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ អ្នកនាំពាក្យនគរបាលរដ្ឋ Kwara មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅពេលនេះ៕
