
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ពង្រាងច្បាប់១៤២ថ្មី នឹងមានការផាកពិន័យនូវទឹកប្រាក់ចំនួន៥លានទៅ២០លានរៀល ខណៈមាត្រា១៤៣នឹងពិន័យចំនួន ១០លានទៅ៣០លានរៀល រួមទាំងលុបឈ្មោះមិនឲ្យឈរជាបេក្ខភាពឲ្យគេបោះឆ្នោតចំពោះបុគ្គល ឬបេក្ខជនណាដែលរារាំង និងញុះញង់ដល់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យពួកគាត់ទៅបោះឆ្នោត។
ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅជន អគតិមួយចំនួនតូចដែលតែងតែធ្វើការរារាំង និងប្រើមធ្យោបាយទុច្ចរិតផ្សេងដោយមិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះ នឹងត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០ទៅ៣០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នេះពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតនោះទេ។
សម្តេច បានបញ្ជាក់ថា«មាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុក ឬសកម្មភាពរារាំងជាប្រក្រតី នៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើររំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដ៏ទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តនៃការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែកក្នុងកថាខណ្ឌ១ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ»។
ដោយឡែកសម្រាប់»មាត្រា ១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៣០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដ៏ទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា ១៤២ ថ្មីខាងលើ»៕