
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជំរុញឱ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែម ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ពីព្រោះបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយចំនួនកំពុងមានសន្ទុះងើបឡើងវិញ ហើយពិភពលោកមិនអាចដឹងថា នាពេលខាងមុខជំងឺនេះនឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីថ្មីទៀតនោះទេ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រសហគ្រាសចំនួន ៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនានៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាប្រចាំថ្ងៃនៅឡើយ ពីព្រោះបញ្ហាកូវីដ-១៩នេះមិនទាន់ទៅណាឆ្ងាយនោះទេ។
សម្ដេចតេជោ បន្តបញ្ជាក់ថា បច្ចុប្បន្នទោះបីកម្ពុជាអាចយកឈ្នះសមរភូមិកូវីដ-១៩ នៅលើប្រភេទបំប្លែងចុងក្រោយ គឺប្រភេទអូមីក្រុង ប៉ុន្ដែមេរោគនេះអាចនឹងមានការបំប្លែងថ្មីគ្រប់ពេលដែលទាមទារឱ្យមានការប្រុងប្រយ័ត្នជាមុនជានិច្ចលើបញ្ហានេះ។
សូមជ្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសុខភិបាល កំណើននៃអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការចាក់លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ បានចាក់លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ១០១,៣៤% បើធៀបជាមួយចំនួនប្រជាជនគោលដៅជាង ១,៨ លាននាក់។ លើកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ១,៨ លាននាក់។ លើកុមារអាយុ ៥ ឆ្នាំ មាន ១៤២,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៣ សែននាក់។ លើកុមារអាយុ ៣ ឆ្នាំ ដល់ ក្រោម ៥ ឆ្នាំ មាន ៨២,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៦ សែននាក់។ ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់មាន ៩៥,៥៧% ហើយ៕
អត្ថបទ៖ វ៉ន ដារ៉ា