ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន របស់ក្រសួងពាណិជ្ជកម្ម ទទួលបានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែ ដោយទទួលបានការគំាទ្រសរុប ៦០សំឡេង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ កាលពីព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៣កន្លងទៅ បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណង ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្មកាន់តែទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងការខិតខំបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះដែរ ក៏ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម ព្រមទាំងជំរុញដល់ការសហការ និងសម្របសម្រួលគ្នាទៅវិញទៅមករវាងបណ្តាប្រទេសសមាជិក សំដៅលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាព ដើម្បីអាចទាញយកអត្ថប្រយោជន៍កាន់តែប្រសើរពីកាលានុវត្តភាពនានាដែលផ្តល់នៅក្រោមកិច្ចព្រមព្រៀង ជាពិសេសដើម្បីរួមចំណែកដល់ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន។
តាមឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានលើកឡើងថា សំណើរសុំអនុម័តលើសេចក្តីព្រាងច្បាប់ខាងលើនេះរបស់ក្រសួងពាណិជ្ជកម្ម គឺបានរៀបចំឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦៕



