អ៊ុយក្រែន៖ ប្រមុខនុយក្លេអ៊ែរអង្គការសហប្រជាជាតិលោក Rafael Grossi បានធ្វើទស្សនកិច្ចនៅទីក្រុងគីវកាលពិថ្ងៃអង្គារទី១៣ ខែមិថុនា ជាទីដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មុនពេលធ្វើដំណើរទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ស្ថិតនៅក្បែរទំបន់ទឹកនៅទន្លេដ៏ធំមួយ ត្រូវបានបំផ្លាញកាលពីសប្តាហ៍មុន។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារនេះ ចាំបាច់ត្រូវចូលទៅកាន់ទីតាំងនៅជិតរោងចក្រដើម្បីពិនិត្យមើលកម្រិតទឹក បន្ទាប់អាងស្តុកទឹកបានបាត់បង់ទឹកមួយភាគធំ ព្រោះតែការបំផ្លាញខ្សែទឹកនៅទំនប់ទឹក Kakhovka ។

ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំផ្លាញទំនប់ទឹក ដែលនាំទៅរកការជន់លិចដ៏មហន្តរាយ។ បណ្តាប្រទេសលោកខាងលិច និយាយថា ពួកគេនៅតែប្រមូលភស្តុតាង ប៉ុន្តែជឿថា អ៊ុយក្រែន ពុំមានហេតុផលណាដើម្បីបង្កមហន្តរាយបែបនេះដោយខ្លួនឯងនោះទេ។
កងកម្លាំងរុស្ស៊ី ដណ្តើមបានទំនប់ទឹកវារីអគ្គិសនី និងរោងចក្រនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែនភាគខាងត្បូង ភ្លាមៗបន្ទាប់ពីការវាយលុករបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប្រើប្រាស់អាងទឹកនេះដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីរ៉េអាទ័រចំនួន៦ពីការឡើងកម្តៅខ្លាំងដែលអាចបង្កមហន្តរាយធ្ងន់ធ្ងរ។

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរអ៊ុយក្រែន និយាយកាលពីថ្ងៃអង្គារថា កម្រិតអាងទឹកនៅមានស្ថិរភាព ហើយកម្រឹតទឹកនៅខ្ពស់គ្រប់គ្រាន់៕
