ជប៉ុន៖ សមាជិកវ័យក្មេងម្នាក់ក្នុងជួរកងកម្លាំងស្វ័យការពារជប៉ុន(SDF) ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងបទសង្ស័យថាប៉ុនប៉ងធ្វើឃាត ក្រោយឧបទ្ទេវហេតុបាញ់ប្រហារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត រងរបួស ។
ទូរទស្សន៍រដ្ឋ NHK បានផ្សាយរូបភាពវីដេអូឃ្លីបលើអាកាសពីសេវាកម្មសង្រ្គោះបន្ទាន់នៅកន្លែងរៀនបាញ់កាំភ្លើងក្នុងទីក្រុង Gifu ស្ថិតនៅតំបន់ភាគខាងលិចប្រទេសជប៉ុន ហើយនិងវត្តមានយ៉ាងច្រើនរបស់ក្រុមនគរបាលនៅកន្លែងកើតហេតុ ក្រោយឧបទ្ទេវហេតុកើតឡើង ។
ទូរទស្សន៍ NHK រាយការណ៍ថា ខ្មាន់កាំភ្លើងគឺជាសមាជិកកងកម្លាំង SDF ខណៈដែលអ្នករងរបួសរួមមានបុរសវ័យជាង ៥០ឆ្នាំម្នាក់ និងមនុស្ស ២នាក់ទៀត ស្ថិតក្នុងវ័យជាង ២០ឆ្នាំ ហើយនិងគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់ជនស៊ីវិលនោះទេ ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារកម្រកើតមានខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន ជាទីដែលការគ្រប់គ្រងអាវុធ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹងបំផុត ហើយអ្នកដែលចង់គ្រប់គ្រងអាវុធ ត្រូវតែឆ្លងកាត់ដំណើរការពិនិត្យយ៉ាងហ្មត់ចត់ ៕

