ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានផ្អាកការដឹកជញ្ជូនទំនិញ នៅកំពង់ផែ Kandla របស់រដ្ឋ Gujarat ភាគខាងលិច និងបានជម្លៀសពលរដ្ឋយ៉ាងហោចណាស់៣ពាន់នាក់ ក្នុងការត្រៀមទុកជាមុនសម្រាប់ការខិតចូលេជិតមកដល់នៃព្យុះស៊ីក្លូន Biparjoy ។
ពលរដ្ឋរួមមានទាំងកុមារ ពេលនេះកំពុងស្នាក់នៅក្នុងទីជម្រកក្នុងសាលមហោស្រពនៅក្នុងទីក្រុង Gandhidham ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mansukh Mandaviya បានចុះពិនិត្យ និងបាននិយាយទៅកាន់ពលរដ្ឋមួយចំនួន។
ក្រសួងឧត្តុនិយមឥណ្ឌានិយាយថា ព្យុះស៊ីក្លូន Biparjoy ជាព្យុះស៊ីក្លូនដ៏ខ្លាំង ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានបំណាក់ដីនៅអំឡុងល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា រវាងទីក្រុង Mandvi ក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា និងទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ដោយមានល្បឿនខ្យល់អតិបរមា១២៥ ទៅ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសន្ទុះខ្យល់កន្ត្រាក់រហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រដ្ឋាភិបាលរដ្ឋ បាននិយាយថា ស្រុកចំនួន៨ ក្នុងរដ្ឋ Gujarat តំបន់ឆ្នេរ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់។ ប្រតិបត្តិការនេសាទនៅក្នុងតំបន់ ត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រទី១៦ ខែមិថុនា ខណៈសាលារៀនជាច្រើនកន្លែង បានប្រកាសពីការឈប់សម្រាក៕


