ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនប្រជាជនដែលបានភៀសខ្លួនដោយបង្ខំ នៅជុំវិញពិភពលោក បានកើនឡើងដល់កំណត់ត្រា១១០លាននាក់ ដោយសារជម្លោះនៅអ៊ុយក្រែន និងនៅស៊ូដង់ កំពុងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អង្គការ UNHCR បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃពុធទី១៤ ខែមិថុនានេះថា ការកើនឡើងប្រមាណ១៩លាននាក់ ដល់១០៨,៤ លាននាក់ នៅត្រឹមចុងឆ្នំាកន្លងទៅនេះ គឺជាការហក់ឡើងប្រចាំឆ្នាំច្រើនបំផុតលើកំណត់ត្រា។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មាន អំឡុងសន្និសីទកាលពីថ្ងៃចន្ទថា ចាប់តាំងពីពេលនោះមក ចំនួននេះ បានកើនឡើងបន្ថែមរហូតដល់១១០លាននាក់ ដែលភាគច្រើនដោយសារតែជម្លោះរយៈពេល៨សប្តាហ៍នៅប្រទេសស៊ូដង់។
របាយការណ៍ពីការភៀសខ្លួនដោយបង្ខំបានបង្ហាញថា រយៈពេល២ទសវត្សរ៍មុនពេលជម្លោះនៅប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ កម្រិតសកលគឺជនភៀសខ្លួននៅថេរមានប្រមាណ៤០លាននាក់រួមទំាងពលរដ្ឋភៀសខ្លួននៅក្នុងប្រទេស។ ប៉ុន្តែចំនួនបានកើនឡើងរៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ហើយពេលនេះមានចំនួនច្រើនជាងទ្វេដង។ មនុស្សម្នាក់ក្នុងចំណោម៧៤នាក់ នាពេលបច្ចុប្បន្នេះ បានភៀសខ្លួនចេញ។ លោក Grandi បានដាក់កំហុសលើមូលហេតុជាទៀងទាត់ ដែលលោកបាននិយាយថា គឺជាជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរើសអើង អំពើហិង្សា និងបម្រែបម្រួលអាកាសធាតុ។ ក្នុងចំណោមជនភៀសខ្លួនទាំងអស់ និងអ្នកទាំឡាយដែលត្រូវការ ការការពារ ប្រមាណពាក់កណ្តាលនៃជនភៀសខ្លួនបានមកពីប្រទេសចំនួន៣ មាន ស៊ីរី អ៊ុយក្រែន និងប្រទេសអាហ្វហ្គានីស្ថាន។
លោក Grandi បានលើកឡើងពីការព្រួយបារម្ភអំពីវិធានការកាន់តែតឹងរ៉ឹងលើការទទួលយកជនភៀសខ្លួន និងរុញត្រឡប់ទៅវិញ ដោយពុំបាននិយាយពីឈ្មោះប្រទេសណាខ្លះនោះទេ៕

