នេប៉ាល់៖ ទិន្នន័យផ្លូវការពីប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងទាំង២ បានបង្ហាញកាលពីថ្ងៃចន្ទថា នេប៉ាល់ និងស្រីលង្កា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
កាលពីថ្ងៃចន្ទ នេប៉ាល់ រាយការណ៍ករណីស្លាប់ដោយសារជំងឺ COVID-19ចំនួន ១៣៩នាក់ ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់ដែលមាននៅក្នុងប្រទេសមួយនេះ។
នេះគឺជាលើកដំបូងហើយ ដែលមានអ្នកជំងឺជាង ១០០នាក់ ត្រូវបានប្រកាសថាស្លាប់ក្នុងរយៈពេល១ថ្ងៃនៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីប្រទេសមួយនេះ រងផលប៉ះពាល់ដំបូងដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19 កាលពីដើមឆ្នាំមុន ធ្វើឲ្យករណីស្លាប់សរុប កើនឡើងដល់ ៣.៨៥៩នាក់។
នេប៉ាល់ រាយការណ៍ករណីឆ្លងថ្មីខ្ពស់បំផុត ៩.២៧១នាក់ផងដែរ កាលពីថ្ងៃចន្ទ ធ្វើឲ្យករណីឆ្លងសរុប កើនឡើងដល់ ៤០៣.៧៩៤នាក់។
នេះគឺជារយៈពេល ៦ថ្ងៃជាប់ៗគ្នា ដែលនេប៉ាល់ មើលឃើញករណីឆ្លងថ្មីជំងឺ COVID-19 កើនឡើងជាង ៨ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ខណៈពេលនោះដែរ ករណីឆ្លងសរុបជំងឺ COVID-19 នៅក្នុងប្រទេសស្រីលង្កា កើនឡើងជាង ១២៥.០០០នាក់ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ក្នុងនោះ ពួកគេរាយការណ៍ករណីឆ្លងថ្មី ២.៦៧២នាក់ ដែលជាករណីឆ្លងថ្មីខ្ពស់បំផុតក្នុងរយៈពេល១ថ្ងៃ។
យោងតាមស្ថិតិផ្លូវការ បានឲ្យដឹងថា ករណីឆ្លងជំងឺ COVID-19ចំនួន ១២៥.៩០៦នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសស្រីលង្កា ក្នុងនោះ អ្នកជំងឺ ១០៤.៤៦៣នាក់ បានជាសះស្បើយឡើងវិញ និងករណីស្លាប់ ៨០១នាក់៕ អត្ថបទ៖ សារ៉ាត់