បេសកជនពិសេសខាងអាកាសធាតុរបស់សហរដ្ឋអាមេរិក លោកចន ឃើរី (John Kerry) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (ទី១៣ ខែមិថុនា) ថា ការបោះជំហានរបស់សកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ត្រូវតែពន្លឿន ហើយពិភពលោកត្រូវកាត់បន្ថយឲ្យបានច្រើននូវការពឹងផ្អែកលើធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត។

លោកឃើរី បាននិយាយថា៖ «ឥឡូវនេះ មិនមែនជាពេលវេលា ដែលអាចប្រកែកបាននោះទេ ពិតជាមិនអាចប្រកែកបានមែន ដែលថា វិបត្តិអាកាសធាតុ គឺជាការគំរាមកំហែងផ្នែកសន្តិសុខចម្បងមួយ មិនត្រឹមតែចំពោះប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែចំពោះភពផែនដីទាំងមូល និងចំពោះជីវិតនៅលើភពផែនដីផ្ទាល់ផងដែរ។ វាជាវិបត្តិដែលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រទេសជាច្រើនបានខាតបង់រាប់ពាន់លានដុល្លាររួចហើយក្នុងមួយឆ្នាំៗ ដែលយើងបានចំណាយមិនត្រឹមតែដើម្បីការពារវិបត្តិនាពេលនេះនោះទេ តែថែមទាំងសម្អាតភាពកង្វក់ទៀតផង។ ហើយអ្វីដែលសំខាន់បំផុតនោះ វិបត្តិនេះធ្វើឲ្យមានការបាត់បង់ជីវិតរាប់លានទាំងមនុស្ស និងសត្វនៅទូទាំងពិភពលោក។ វិបត្តិនេះ គឺជាគំរាមកំហែងដ៏សកម្ម ចំពោះការចិញ្ចឹមជីវិត និងសន្តិភាពរបស់មនុស្សគ្រប់ទីកន្លែងនៅលើផែនដីនេះ»។

លោកបានបន្តថា៖ «គ្មានកន្លែងសម្រាប់មកអង្គុយជជែកពិភាក្សាអំពីវិទ្យាសាស្ត្រនោះទេ នៅទីនេះទេ។ វិបត្តិកាន់តែកើនឡើង ដោយបាន និងកំពុងបំផ្លាញសន្តិភាព និងសន្តិសុខរួមរបស់យើង។ ហើយបើគ្មានវិធានការរួមគ្នាពីស្ថាប័ននេះ និងគ្រប់អង្គភាពរដ្ឋាភិបាល ដែលដោះស្រាយរឿងនេះ បើគ្មានការប្រឹងប្រែងនោះ ផលប៉ះពាល់ដល់ពិភពលោក នឹងកាន់តែអាក្រក់ទៅៗ ហើយវានឹងបន្តគំរាមកំហែងដល់សន្តិភាព ជីវិត និងសន្តិសុខរបស់យើង ក្នុងរូបភាពកាន់តែអាក្រក់ឡើងៗជារៀងរាល់ថ្ងៃ និងរាល់ឆ្នាំ ដោយសារយើងមិនធ្វើអ្វីដែលយើងដឹងថា យើងចាំបាច់ត្រូវធ្វើ»។
សហរដ្ឋអាមេរិក គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន ដែលអ្នកវិទ្យាសាស្ត្រ បានស្ដីបន្ទោសថា បានធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។ ការសម្រេចឲ្យបាននូវការបំភាយកាបូនសុទ្ធជាសកល នៅត្រឹមឆ្នាំ២០៥០ គឺជាគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានចរចារ អំឡុងអាណត្តិប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា (Barack Obama)៕