បុគ្គលិកវិស័យសាធារណៈរាប់ពាន់នាក់ មកពីវិស័យសុខាភិបាល និងគាំពារសង្គម បានតវ៉ាចំពោះកង្វះបុគ្គលិក នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃអង្គារទី១៣ ខែមិថុនា។
ក្រុមអ្នកតវ៉ាមកពីទូទាំងប្រទេស បានកាន់បដា រួមទាំងម្ឈូស និងគ្រោងឆ្អឹងដែលព្រមានចំពោះការបាត់បង់ការថែទាំអ្នកជំងឺ ក្នុងការប្រឈមមុខទៅនឹងកម្លាំងការងារដែលខ្វះខាត។

ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរលើបញ្ហាដែលមានស្រាប់ពីមុនមក ដែលក្រុមអ្នកតវ៉ានិយាយថា មនុស្សជាច្រើននៅក្នុងវិជ្ជាជីវៈពេទ្យ កំពុងឈានទៅរកការចូលនិវត្តន៍ និងពុំមានការជួលបុគ្គលិកថ្មីគ្រប់គ្រាន់ដើម្បីជំនួសពួកគេនោះទេ។
ការតវ៉ានេះ ជាការដង្ហែក្បួនទ្រង់ទ្រាយធំលើកទី២ ដែលបានរៀបចំឡើងនៅឆ្នាំនេះ បន្ទាប់ពីធ្វើឡើងលើកដំបូងកាលពីខែមករា។ នគរបាល និយាយថា មនុស្ស៧ពាន់នាក់ បានចូលរួមក្នុងការហែរក្បួន ទៅកាន់ស្ថានីយរថភ្លើងធំនៅទីក្រុង។
