ភ្នំពេញ៖ ការផ្គង់ផ្គង់អគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងតម្រូវនៃចរន្តការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងការប្រើប្រាស់ប្រជាពលរដ្ឋជាដើម។
ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើកឡើង នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា គិតមកដល់ពេលនេះ កម្ពុជាមានថាមពលអគ្គិសនីកំពុងផ្គត់ផ្គង់សរុបប្រមាណជា ៤ ៤០០ មេហ្គាវ៉ាត់ ក្នុងនោះសម្រាប់ការប្រើប្រាស់ពេលថ្ងៃ ក្នុងពេលបច្ចុប្បន្ន ឡើងខ្ពស់បំផុត គឺត្រឹម ២ ៥០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។ តាមរយៈនៃការប្រើប្រាស់នេះ បានបង្ហាញថា កម្ពុជាមានថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់។
ឯកឧត្តម បានបន្តថា ចំពោះការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបចំនួន ៤ ៤០០ មេហ្គាវ៉ាត់នេះ គឺមិនមានការផ្គត់ផ្គង់គ្រប់ម៉ោងនោះទេ ដោយមានពេលខ្លះដូចជា ថាមពលពន្លឺព្រះអាទិត្យអាចប្រើប្រាស់បានតែពេលថ្ងៃ និងគ្មានពេលយប់, តែទោះបីយ៉ាងណានៅពេលយប់ មានវារីអគ្គិសនីដើម្បីបំពេញបន្ថែម។
ជុំវិញការប្រើប្រាស់អគ្គិសនីនេះ, លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសំលៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា តាមបណ្តារោងចក្រ សហគ្រាសពីមុន គឺច្រើនប្រើប្រាស់ម៉ាស៊ីនភ្លើង ខណៈការផ្គង់ផ្គង់មានមិនគ្រាប់គ្រាន់ និងឧស្សាហ៍ដាច់ភ្លើងជាដើម, តែមកដល់ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីមានស្ថានភាពល្អប្រសើរ ប៉ុន្តែសម្រាប់ថ្លៃអគ្គិសនីវិញ នៅមានតម្លៃខ្ពស់បន្តិច បើធៀបនិងប្រទេសជិតខាង។
រាជរដ្ឋាភិបាលមានផែនការមេយ៉ាងច្បាស់លាស់ អំពីតម្លៃអគ្គិសនីនេះ ដែលជាទំនុកចិត្តដល់អ្នកវិនិយោគ ជាក់ស្តែងនៅក្នុងវិបត្តិជំងឺកូវីដ ១៩ កន្លងមកនេះ រាជរដ្ឋាភិបាលមិនបានឡើងថ្លៃអគ្គិសនីនោះឡើយ។
ឯកឧត្តម ទី នរិន្ទ បានថ្លែងឲ្យដឹងថា ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនីឆ្នាំ ២០២២-២០៤០ បានបង្ហាញថា ប្រព័ន្ធបណ្តាញជាតិកម្ពុជា ក៏អាចមានលទ្ធភាពទទួលយកការដាក់បញ្ចូលថាមពលពន្លឺព្រះអាទិត្យអតិបរមារហូតដល់ ៣ ១៥៥ មេហ្គាវ៉ាត់ ស្មើជិត ៣០ ភាគរយ នៃអនុភាពប្រភពថាមពលអគ្គិសនីក្នុងស្រុកសរុបនៅឆ្នាំ ២០៤០៕
អត្ថបទ៖ សុន រ៉ាឌី