ភ្នំពេញ៖ ទំព័រហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន ៩១នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលកោះពេជ្រ។
ក្នុងទំព័រហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនៅថ្ងៃនេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩នៅនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលកោះពេជ្រចំនួន ៩១នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយពួកគាត់បានជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃនេះ។
តាមទំព័រហ្វេសប៊ុកដដែលនេះ អ្នកជំងឺទាំងអស់ខាងលើត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្ដទៀត ដើម្បីតាមដានសុខភាព។
គិតត្រឹមថ្ងៃនេះ កម្ពុជាព្យាបាលជាសះស្បើយសរុបកើនឡើងដល់ ៨ ១៧០នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕ប្រភព ៖ TYDA





