ព្រៃវែង ៖ ឯកឧត្តម ឡោ សុឡេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរនិងកញ្ច្រៀច និងជាប្រធានក្រុមការងារចល័តទាំងពីរស្រុក នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា២ខ្នង ដោយមួយខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមួយខ្នងទៀតជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង លើកឡើងថាក្រោយពិនិត្យឃើញថា វិទ្យាល័យ ហ៊ុន សែន ពានរោង មានកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំហើយមានការខ្វះខាតនូវអគារសិក្សា ដូច្នេះទើបថ្នាក់ដឹកនាំសម្រេចផ្ដល់ជូនជាអំណោយអគារសិក្សាចំនួន ២ខ្នងបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនូវធនធានមនុស្សបម្រើឲ្យផលប្រយោជន៍ជាតិទាំងមូល។
ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកើតមានឡើងជាបន្ដបន្ទាប់នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានឃុំពានរោង ក៏ដូចជានៅស្រុកស្វាយអន្ទរនេះតែម្ដង ក្នុងនោះមានទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ និងវិស័យសុខាភិបាលជាច្រើន។ សមិទ្ធផលជាច្រើនទៀត នឹងកើតឡើងជាបន្ដបន្ទាប់ក្រោមម្លប់នៃសុខសន្ដិភាព និងការអភិវឌ្ឍឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា។
បន្ទាប់ពីអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាខាងលើនេះ ឯកឧត្តម ឡោ សុឡេងក៏បានអញ្ជើញចុះពិនិត្យការសាងសង់អគារសិក្សាមួយខ្នងទៀត ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន នៅសាលាបឋមសិក្សា នេត សាវឿន មានជ័យ ស្ថិតក្នុងឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែងផងដែរ។
សូមបញ្ជាក់ថាក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ សុឡេង ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនោះ ជូនសាលាស្រុកស្វាយអន្ទរ ចំនួន ១លានរៀល, ការិយាល័យអប់រំស្រុក ចំនួន ១លានរៀល, គណៈកម្មការទ្រទ្រង់សាលា នាយក លោកគ្រូ អ្នកគ្រូ ចំនួន ១លាន ៥០ម៉ឺនរៀល, អាជ្ញាធរ ភូមិ ឃុំ ចំនួន ៥០ម៉ឺនរៀល, ប៉ុស្ដិ៍នគរបាលរដ្ឋបាលពានរោង ចំនួន ៥០ម៉ឺនរៀល, សិស្សានុសិស្សចំនួន ១៥០នាក់ ម្នាក់ ១ម៉ឺនរៀល, ក្រុមជាងចំនួន ៣០នាក់ ម្នាក់ ២ម៉ឺនរៀល និងចំណាយការរៀបចំពិធីចំនួន ៥លានរៀល សរុបអស់ថវិកាចំនួន ១១,៦០០,០០០រៀល៕ អត្ថបទ ៖ បានចក់















