សមាជិកនៃសហគមន៍ជនជាតិគុយបានៃទីក្រុងម៉ៃអាមី បានចេញមកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃដែលលោកបានបង្ហាញខ្លួនក្នុងតុលាការ ហើយបានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរបស់សហព័ន្ធនៅ ក្នុងសំណុំរឿងជាប្រវត្តិសាស្ត្រ។

បន្ទាប់ពីបង្ហាញខ្លួននៅតុលាការក្រុងម៉ៃអាមីកាលពីថ្ងៃអង្គារ (១៣ មិថុនា) លោក ត្រាំ បានទៅទស្សនាភោជនីយដ្ឋានគុយបាមួយកន្លែងឈ្មោះ 'Versailles' ជាទីដែលក្រុមអ្នកគាំទ្រអបអរសាទរលោកនិងច្រៀង 'រីករាយថ្ងៃខួបកំណើត' ។
ស្ត្រីម្នាក់ដែលបានថតវីដេអូពីដំណើររបស់លោក ត្រាំ និងបានសម្តែងនូវភាពសោកសៅ ដែលលោក ត្រាំ ឈានចូលវ័យ ៧៧ ឆ្នាំក្នុងពេលឆាប់ៗនេះ បាននិយាយថា ការដែលឃើញលោកអតីតប្រធានាធិបតី បានផ្តល់ "ក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរ"។
ក្រុមអ្នកគាំទ្រផ្សេងទៀតដែលចេញមកគាំទ្រអតីតប្រធានាធិបតីដែលមានរឿងចម្រូងចម្រាសច្រើនរូបនេះ បាននិយាយថា សំណុំរឿងឯកសារសហព័ន្ធប្រឆាំងនឹងលោក ត្រាំ គឺ "អយុត្តិធម៌" ហើយថាលោកគឺជា "ប្រធានាធិបតីពិតប្រាកដ" ម្នាក់។

ការផ្តល់ចម្លើយរបស់លោក ត្រាំ ដែលបានធ្វើឡើងនៅចំពោះមុខចៅក្រមអាមេរិកលោក Jonathan Goodman នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងម៉ៃអាមី រៀបចំឲ្យមានការតស៊ូផ្លូវច្បាប់ ដែលទំនងជានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលលោក ត្រាំ ធ្វើយុទ្ធនាការបោះឆ្នោតដើម្បីឈ្នះតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ក្រុមអ្នកជំនាញនិយាយថា វាអាចមានរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ មុនពេលការកាត់ក្ដីធ្វើឡើង៕