អ៊ុយក្រែន ៖ កាលពីថ្ងៃអង្គារ (១៣ មិថុនា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានសាទរចំពោះ
ការរីកចម្រើនរបស់កងទ័ពអ៊ុយក្រែននៅជិតទីក្រុង Bakhmut ដែលត្រូវបានឡោមព័ទ្ធជាយូរមកហើយនៅភាគខាងកើត
និងស្ថិតនៅភាគខាងត្បូងជួរមុខនៃសង្រ្គាម។
លោកក៏បានលើកសរសើរអង្គភាពនៅជួរមុខតំបន់ "Tavria" ភាគខាងត្បូង ដោយនិយាយថានៅក្នុង "លក្ខខណ្ឌនៃដែនអាកាស និងគុណភាពនៃកាំភ្លើងធំរបស់អ្នកប្រយុទ្ធ មានភាពល្អប្រសើរ។ សូមអរគុណដល់ទាហានគ្រប់គ្នា! សូមអរគុណសម្រាប់គ្រប់ជំហាននិងគ្រប់ទីតាំងដែលបានរំដោះចេញពីរុស្ស៊ី" ។
លោកប្រធានាធិបតីបាននិយាយអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្សីទៅលើស្រុកកំណើតរបស់លោកគឺទីក្រុង គ្រីវី រី (Kryvyi Rih) នៅភាគកណ្តាលអ៊ុយក្រែន ដោយនិយាយថាសមាសធាតុមួយចំនួននៃមីស៊ីលត្រូវបានផលិតនៅក្នុងបណ្តាប្រទេសដៃគូជាមួយអ៊ុយក្រែន។
រុស្ស៊ីមិនបានទទួលស្គាល់ទេថាកងទ័ពអ៊ុយក្រែនបានដណ្ដើមបានដែនដីត្រឡប់ទៅវិញជាបន្តបន្ទាប់ ហើយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា សម្រាប់ពេលនេះលោកគ្មានភាពចាំបាច់ក្នុងការចល័តកងទ័ពប្រយុទ្ធថ្មីដើម្បីប្រឈមមុខនឹងការវាយបករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុននោះទេ៕

