ចិន ៖ នាវាហ្វឹកហាត់កងទ័ពជើងទឹកចិន បានធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ដែលជាការឈប់សំចតចុងក្រោយគេរបស់ពួកគេនៃដំណើរទស្សនកិច្ចមេត្រីភាពក្នុងតំបន់ ស្របពេលមានភាពតានតឹងកើនឡើងជុំវិញសកម្មភាពសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ។
នាវាចម្បាំង Qi Jiguang (ឈី ជីគ័ង) គឺជាជានាវាហ្វឹកហាត់ខ្នាតយក្ស ធំជាងនាវាចម្បាំងធម្មតា ។ វាបានចាកចេញពីប្រទេសប្រ៊ុយណេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីបន្តដំណើរទៅកាន់ប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៤០ថ្ងៃ ដែលរួមទាំងការឈប់សំចតនៅប្រទេសវៀតណាម និងប្រទេសថៃ មុនពេលធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់វា នាវាមួយគ្រឿងនេះ និងក្រុមនាវិកដែលជានិស្សិតជើងទឹក ៤៧៦នាក់ និងក្រុមមន្រ្តី នឹងបានធ្វើដំណើរឆ្លងកាត់សមុទ្រលឿង សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។
ការមកដល់ប្រទេសហ្វីលីពីន បានកើតមាន ស្របពេលកើតមានភាពតានតឹងជាមួយប្រទេសជិតខាងលើបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនប្រកាសសិទ្ធិគ្រប់គ្រងភាគច្រើន ប៉ុន្តែផ្នែកខ្លះត្រូវបានប្រកាសសិទ្ធិគ្រប់គ្រងផងដែរដោយវៀតណាម កោះតៃវ៉ាន់ ប៊្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន ៕

