ឥណ្ឌា ៖ តំបន់ឆ្នេរនៅរដ្ឋភាគខាងលិចរដ្ឋ Gujarat និងរដ្ឋ Maharashtra ប្រទេសឥណ្ឌា បានមើលឃើញរលកសមុទ្រធំៗ បោកច្រាំងនៅថ្ងៃពុធនេះ រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនការមកដល់ដីគោករបស់ព្យុះស៊ីក្លូនដ៏ខ្លាំងក្លា Biparjoy ។
នាយកដ្ឋានឧតុនិយមឥណ្ឌា និយាយថា គេរំពឹងថា ព្យុះ Biparjoy នឹងធ្វើដំណើរមកដល់ដីគោកនៅល្ងាចថ្ងៃព្រហស្បតិ៍ នៅតំបន់ចន្លោះទីក្រុង Mandvi រដ្ឋ Gujarat ប្រទេសឥណ្ដា និងទីក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន ជាមួយនឹងល្បឿនខ្យល់បក់អតិបរមាពី ១២៥គ.ម ទៅ ១៣៥គ.មក្នុង១ម៉ោង ហើយនិងសន្ទុះខ្យល់បក់ ១៥០គ.មក្នុង១ម៉ោង ។
ប្រជាពលរដ្ឋជិត ៤.៥០០នាក់រស់នៅក្នុងទីក្រុងភាគខាងលិច Dwarkaត្រូវបានជម្លៀសចេញ ដែលជាផ្នែកមួយនៃវិធានការត្រៀមខ្លួនសម្រាប់ព្យុះដែលត្រូវបានគេព្យាករណ៍ថា វាគ្រោះថ្នាក់ខ្លាំង ។
ស្រុកចំនួន ៨ស្ថិតនៅតាមបណ្តាយឆ្នេររដ្ឋ Gujarat ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ ។ ប្រតិបត្តិការនេសាទ នៅក្នុងតំបន់ ត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រ ស្របពេលដែលសាលារៀនប្រកាសឲ្យឈប់សម្រាក
ខណៈពេលនោះដែរ រដ្ឋភាគខាងកើត Odishaរបស់ប្រទេសឥណ្ឌា បានធ្វើអធិស្ឋានរបស់ពួកគេសម្រាប់រដ្ឋភាគខាងលិច ដោយបង្កើតសិល្បៈលើដីខ្សាច់នៅមាត់សមុទ្រតំណាងឲ្យរូបព្យុះ Biparjoy ដែលរួមទាំងសារសុវត្ថិភាពនៅក្បែរនោះផងដែរ ៕

