កាណាដា ៖ រដ្ឋមន្ត្រីក្រសួងត្រៀមទប់ទល់ និងសង្គ្រោះគ្រាអាសន្ន លោក Bill Blair បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសកាណាដាកំពុងជួបប្រទះរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតនៃសតវត្សទី២១។
យោងតាមមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ទោះបីជាមានការរៀបចំត្រៀមខ្លួនជារៀងរាល់ឆ្នាំ ដើម្បីទប់ទល់នឹងរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសក៏ដោយ ក៏ចំហេះនៅឆ្នាំនេះ បានកើតមានឡើងខ្លាំងជាងការរំពឹងទុក ដោយផ្ទៃដីប្រហែល ៥,២លានហិចតា ត្រូវបានអណ្ដាតភ្លើងឆាបឆេះ កាលពីថ្ងៃចន្ទ។
ដោយសារមួយភាគធំនៃតំបន់អាមេរិកខាងជើង ត្រូវបានគ្របដណ្ដប់ដោយផ្សែង ដែលហុយចេញពីភ្លើងឆេះនេះ ក្តីបារម្ភដែលថា ស្ថានការណ៍អាក្រក់បំផុតមិនទាន់មកដល់នោះ រឹតតែខ្ពស់ឡើងៗ ដោយសារប្រទេសកាណាដា នៅតែឆាប់ចូលមកដល់នៃរដូវភ្លើងឆេះព្រៃដែលជាធម្មតាចាប់ផ្តើមពីខែឧសភា ដល់ខែតុលា។
យោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បច្ចុប្បន្ននេះ មានចំហេះព្រៃសកម្មចំនួន ៤៤៧កន្លែង នៅទូទាំងប្រទេស ដែលក្នុងនោះ ២២៩កន្លែង មិនអាចគ្រប់គ្រងបាន ខណៈដែលនាយកដ្ឋានពន្លត់អគ្គិភ័យរបស់ប្រទេសនេះ បានឲ្យដឹងថា អគ្គិភ័យដែលមិនអាចគ្រប់គ្រងបាន រួមមានការឆេះមួយកន្លែង ដែលមិនអាចពន្លត់បាននាពេលនេះ និងច្រើនកន្លែងទៀត ដែលនាយកដ្ឋាន គ្មានបំណងពន្លត់ ហើយនឹងទុកឲ្យឆេះបន្ត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជឿថា ចំហេះព្រៃនៅឆ្នាំនេះ បង្ហាញពីការមានបញ្ហាជាច្រើន សម្រាប់ការឆ្លើយតបនឹងភ្លើងឆេះរបស់ប្រទេសកាណាដា ដូចជាកង្វះសមត្ថភាពបាញ់ទឹកពីលើអាកាសជាដើម៕

